បច្ចុប្បន្នក្លឹប Aston Villa មិនមែនជាក្លឹប Top 6 នៅ Premier League នោះទេពោលត្រឹមស្ថិតនៅលំដាប់ក្លឹបមធ្យម ចំណាត់ថ្នាក់ពាក់កណ្តាលតារាងប៉ុណ្ណោះ តែយ៉ាងណា Philippe Coutinho បែរជាជ្រើសរើសការផ្ទេរមកក្លឹបអង់គ្លេសមួយនេះដោយមិនស្ទាក់ស្ទើរ។
ពិតណាស់វាជាការរួមគ្នាម្តងទៀត រវាងអតីតកីឡាករ Liverpool ២ រូបគឺ Steven Gerrard និង Coutinho តែមកសារនេះមិនមែនជាមិត្តរួមក្រុម ផ្ទុយទៅវិញក្នុងនាមជាគ្រូ និងសិស្ស។ គេជឿថាការសម្រេចចិត្តរបស់កីឡាករប្រេស៊ីល អាចមកពី Gerrard ជាមនុស្សដែលយល់ចិត្តថ្លើមគ្នាជាមួយ Coutinho ដែលលើសពីអ្នកស្គាល់គ្នាធម្មតា។
យ៉ាងណាមិញ មានពាក្យប៉ុន្មានម៉ាត់ដែល Gerrard ធ្លាប់បានលើកឡើងកាលពីចុងខែធ្នូ ដែលធ្វើឲ្យមនុស្សមួយចំនួនភ្លឺភ្នែក ក្រោយគិតថា Coutinho ជាកីឡាករសម្លឹងឃើញលុយជាធំ ទើបដើរចេញពី Liverpool កាលពីប៉ុន្មានឆ្នាំមុន។
គ្រូបង្វឹកវ័យ ៤១ឆ្នាំរូបនេះនិយាយ៖ «ខ្ញុំមិនភ្ញាក់ផ្អើលនោះទេជុំវិញការផ្ទេរ Coutinho ទៅ Barcelona ខ្ញុំដឹងថា Liverpool ព្យាយាមធ្វើគ្រប់យ៉ាងអស់ហើយ ដើម្បីរក្សាទុកគេឲ្យបន្តនៅតែវាពិតជាពិបាក ក្នុងការរក្សាជើងគេដល់រដូវក្តៅឆ្នាំនោះ»។
លោកបន្តថា៖ «វាគឺទាក់ទងនឹងក្តីសុបិនរបស់ក្មេងប្រុសម្នាក់ ដែលមកពីអាមេរិកឡាទីន Coutinho គេចង់លេងឲ្យក្លឹប Barcelona ហើយគេគិតថាឱកាសសារនោះហើយ ជាឱកាសដែលគេអាចទៅចូលរួមបាន ដូច្នេះវាពិតជាពិបាកនឹងអាចបញ្ឈប់គេ រួចវាបានក្លាយជាការពិត Liverpool ពិតជាបាននឹកនាដល់គេ ព្រោះគេជាកីឡាករល្អម្នាក់ ដូច្នេះសរុបមកខ្ញុំគោរពការសម្រេចចិត្តរបស់ Coutinho និងមានតែជូនពរឲ្យគេជួបតែរឿងល្អក្នុងអាជីព»៕