Klopp គ្រោង​ខ្ចី​ជើង​ខ្សែប្រយុទ្ធ​មួយ​រូប​ពី​ទឹកដី​អេ​ស្ប៉ា​ញ (មានវីដេអូ)

0

ជា​ការ​ពិត​ណាស់ ទីផ្សារ​ដោះ​ដូរ​រដូវរងា​សម្រាប់​ឆ្នាំ ២០២២ គេ​ជឿ​ថា​ខាង​ក្លឹ​ប Liverpool ទំនងជា​នឹង​ផ្តោត​ខ្លាំង​លើ​ការ​បំពេញ​តំបន់​ប្រយុទ្ធ ពោល​យក​មក​ប្រើប្រាស់​រយៈពេល​ខ្លី ព្រោះ​អី​ដូច​គ្រប់​គ្នា​បានដឹង​ស្រាប់​ហើយ​គឺ Sadio Mane និង Mohamed Salah ពួក​គេ​ត្រូវ​ជាប់​ភារកិច្ច​ទៅ​ជួយ​ជម្រើសជាតិ នៅ​ព្រឹត្តិការណ៍ Africa Cup of Nation​។

ជាក់ស្តែង Mane ត្រូវ​ទៅ​ជួយ​សេ​ណេ​ហ្គា​ល់ ខណៈ​ដែល Salah ត្រូវ​ទៅ​ជួយ​អេ​ហ្សី​ប ហើយ​ពួក​គេ​បាន​ចេញដំណើរ​ពី​ចក្រភព​អង់គ្លេស​តាំងពី​ចប់​ការ​ប្រកួត​ទល់ Chelsea នា​ចុង​ស​ប្តា​ហ៍​។ ដូច្នេះ​មាន​ន័យ​ថា ប្រកួត​បន្តបន្ទាប់​ទៅ​មុខ ហង្ស​ក្រហម​នឹង​មិនសូវ​មាន​ប្រព័ន្ធ​ប្រយុទ្ធ​មុត​ស្រួច​ទេ ហើយ​ចន្លោះ​អវត្តមាន​រយៈពេល​ជាង ១ ខែ ឬ​ច្រើន​ជាង ៤ ប្រកួត​បន្ទាប់​នេះ លោក Klopp ចង់​ប៉ះប៉ូវ​មក​វិញ តាម​រយៈ​ការ​នាំ​យក Eden Hazard ពី Real Madrid​។

យោង​តាម​សារព័ត៌មាន El Nacional ចុះ​ផ្សាយ​ថា ក្លឹ​ប​ដឹកនាំ​ដោយ​អ្នកចាត់ការ​សញ្ជាតិ​អា​ល្លឺ​ម៉​ង់ បាន​ចាប់អារម្មណ៍​កីឡា​ករបែល​ហ្សិ​ក​របស់​ក្លឹ​ប​អេ​ស្ប៉ា​ញ Real Madrid ដោយ​លោក​គិត​ថា​សមត្ថភាព Hazard គឺ​អាច​មក​ជួយ Liverpool បាន​នៅ​រដូវ​កាល​សេសសល់​។ ជា​រួម​លោក Klopp ពិតជា​ត្រូវការ​ចាំបាច់ ព្រោះ​ឈរ​លើ​គោលដៅ​ប្រជែង​ពាន PL ជាមួយនឹង Man City ក៏​ដូច​ជា Chelsea​។

យ៉ាងណាមិញ​ភាគី Real Madrid នៅ​មិន​ទាន់​បាន​ឆ្លើយ​តប ចំពោះ​ការ​ព្រម​ប្រគល់ Hazard មក​ឲ្យ​លោក Klopp ដើម្បី​សម្រាល​បន្ទុក​ចំណាយ​ថ្លៃ​ពលកម្ម ឬ​អត់​ទេ ខណៈ​ដែល​សុពលភាព​កុងត្រា​របស់​កីឡាករ​វ័យ ៣០ ឆ្នាំ​រូប​នេះ នឹង​ត្រូវ​ផុត​នៅ​ចុងខែ មិថុនា ឆ្នាំ ២០២៤ ឯណោះ​៕