ពន្យា​ពេល​ដាក់​កាមេរ៉ា​ចាប់​ល្បឿន នៅ​តាម​ផ្លូវជាតិ​លេខ​៣

0

ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន សម្រេច​លើក​ពេល​ការ​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​កាមេរ៉ា​ចាប់​ល្បឿន នៅ​លើ កំណាត់​ផ្លូវជាតិ​លេខ​៣ ចាប់ពី​ចោម​ចៅ​ដល់ទី​រួម​ខេត្តកំពត ខណៈ​ក្នុង​ផែនការ គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​នៅ​ដើម​ខែមករា ឆ្នាំ ២០២២​ខាង​មុខ​នេះ​។

សេចក្តីជូនដំណឹង​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បញ្ជាក់​ថា ក្រសួង​សម្រេច​ពន្យារពេល​នៃ​ការ​ដាក់​ឱ្យ​ដំណើរការ​សាកល្បង កាមេរ៉ា​ចាប់​ល្បឿន​នេះ ដោយ​បច្ចុប្បន្ន ក្រុមការងារ​បច្ចេកទេស បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ត្រូវ​បន្តដំណើរ​កា​រត​ភ្ជាប់​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង ចរាចរណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​មិន​ទាន់​ចប់​សព្វគ្រប់​។

កាមេរ៉ា​ចាប់​ល្បឿន​លើ​ផ្លូវជាតិ​លេខ​៣ បាន​និង​កំពុង​រៀបចំ​បច្ចេកវិទ្យា ដើម្បី​តាមដាន​ការ​បើកបរ​របស់​ប្រជាពលរដ្ឋ ដែល​ល្មើស​នឹង​បម្រាម នៅ​តាម​គោលដៅ​កំណត់​ល្បឿន​ចរាចរណ៍​។

ឯកឧត្តម ខាន់ ម៉ា​ណេ​រ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជា​ប្រធាន​គ្រប់គ្រង​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៣ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា កាមេរ៉ា​ចាប់​ល្បឿន​ទាំង​១០​ទីតាំង ត្រូវ​បាន​ដំឡើង​នៅ​លើ​ផ្លូវជាតិ​លេខ​៣ ចាប់ពី​ចោម​ចៅ ដល់ទី​រួម​ខេត្តកំពត ដែល​ក្នុង​នោះ​ពី​ចោម​ចៅ​ដល់​បែក​គូស ដែល​ផ្លូវ​មាន​៤​គន្លង មាន​ចំនួន​៤​ទីតាំង និង​កំណាត់​ផ្លូវ​ពី​បែក​គូស​ទៅ​ទីរួមខេត្ត​កំពត ដែល​ជា​ផ្លូវ មាន​២​គន្លង មាន​ចំនួន​៦​ទីតាំង​។ កាមេរ៉ា​ចាប់​ល្បឿន​ទាំងនេះ អាច​ឱ្យ​មន្ត្រី​ជំនាញ​ដឹង​នូវ​ល្បឿន​របស់​រថយន្ត ពណ៌ ប្រភេទ និង​ផ្លា​ក​លេខ រថយន្ត អ្នកបើកបរ​មិន​ពាក់​ខ្សែក្រវាត់​ការពារ និង​ប្រើ​ទូរ​សព្ទ​ពេល​បើកបរ ក្នុង​គោលបំណង​តាមដាន និង​ការពារ​សុខ​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ របស់​ប្រជាពលរដ្ឋ​លើ​ផ្លូវជាតិ​លេខ​៣​។

គួរ​បញ្ជាក់​ថា ផ្លូវជាតិ​លេខ​៣ នឹង​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ខែមីនា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ហើយ​ការ​បំពាក់​កាមេរ៉ា​ចាប់​ល្បឿន​ទាំង​១០​ទីតាំង ជា​គម្រោង​បច្ចេកវិទ្យា​ទំនើប​ដំបូង ដែល​ដាក់​ឱ្យ​ប្រើប្រាស់​លើ​ផ្លូវជាតិ និង​ជា​យន្តការ​ត្រួតពិនិត្យ​សុវត្ថិភាព​ចរាចរណ៍ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ កាត់​បន្ថយ​ការ​ខូចខាត​ផ្លូវ​សាធារណៈ ដែល​នាំ​ឱ្យ​ខាតបង់​ថវិកាជាតិ និង​ប៉ះពាល់​ដល់​អាយុជីវិត​អ្នក​ធ្វើ​ដំណើរ​៕

ប្រភព៖ ក្រសួងព័ត៌មាន