រូបសំណាក CR7 ថ្មី​លើ​ទឹកដី​ឥណ្ឌា ត្រូវ​បាន​រិះគន់​ខ្លាំង (​មាន​វី​ដេ​អូ​)

0

 

រូបសំណាក​ថ្មី​របស់ Cristiano Ronaldo ត្រូវ​បាន​គេ​ដាក់​បង្ហាញ នៅ​ប្រទេស​ឥណ្ឌា ក្នុង​រដ្ឋ Goa នៅ​ឆ្នេរ​ភាគ​និរតី​នៃ​ប្រទេស​។ ខណៈ​ពេល​ដែល​គំនិត​នៅ​ពីក្រោយ​រូបសំណាក​នេះ គឺ​ដើម្បី​បំផុសគំនិត​យុវជន ប៉ុន្តែ​ភាគច្រើន​បាន​បង្ក​ឱ្យ​មានការ​ជជែក​គ្នា ក្នុង​ចំណោម​សមាជិក​នៃ​សហគមន៍​បាល់ទាត់​របស់​ប្រទេស​ឥណ្ឌា​ទៅ​វិញ​។

ទង់​ខ្មៅ​មួយ​ចំនួន​ត្រូវ​បាន​គ្រវី​នៅ​រូបសំណាក​ជា​សញ្ញា​នៃ​ការ​ការពារ ដោយ​មាន​អ្នក​រិះគន់​បាន​អះអាង​ថា ទេព​កោសល្យ​បាល់ទាត់​ក្នុងស្រុក​របស់​ឥណ្ឌា​គួរតែ​ត្រូវ​បាន​គេ​គោរព ជំនួស​ឱ្យ​កំពូល​តារា​ឆ្នើម​របស់​ក្រុម Manchester United​។

យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​ក្នុងស្រុក IANS បាន​ប្រមូល​មតិ​របស់​អ្នកស្រុក​មួយ​ចំនួន ហើយ​ពួក​គេ​បាន​ពន្យល់​ពី​មូលហេតុ​ដែល​ពួក​គេ​ប្រឆាំង​នឹង​រូបសំណាក​នេះ​។

មនុស្ស​ម្នាក់​ក្នុង​ចំនោម​អ្នក​តវ៉ា​បាន​និយាយ​ថា​៖ «​ខ្ញុំ​ពិតជា​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង ដែល​បានឮ​អំពី​រូបសំណាក​របស់ Ronaldo ត្រូវ​បាន​សាងសង់​ឡើង យើង​គួរតែ​មាន​មោទនភាព​ចំពោះ​រូបតំណាង​របស់​កីឡាករ​យើង​ដូច​ជា Samir Naik និង Bruno Coutinho» ។

ម្យ៉ាងវិញទៀត រូបសំណាក​នេះ ក៏​កំពុង​បង្ហាញ​ពី​ភាព​ចម្រូងចម្រាស​ផង​ដែរ ដោយសារ​តែ​ខែធ្នូ​នេះ គឺជា​ខួប​លើក​ទី ៦០ ចាប់តាំងពី​កងទ័ព​ឥណ្ឌា ដណ្តើម​បាន​រដ្ឋ Goa ពី​ព័រ​ទុ​យ​ហ្គា​ល់​វិញ​។ ដោយ​មានការ​ប្រារព្ធ​ពិធី​នៅ​ខែ​នេះ ដែល​ជា​កាលបរិច្ឆេទ​ដ៏​សំខាន់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ក្នុង​តំបន់​។

ជាមួយនឹង​ការ​ដាក់​បង្ហាញ​រូបសំណាក​នា​ពេល​នេះ អ្នកខ្លះ​ចាត់​ទុក​ការ​ដំឡើង​កិត្តិយស​ដល់​រូបសំណាក​ជនជាតិ​ព័រ​ទុ​យ​ហ្គា​ល់​ថា ជា​ការ​ប្រមាថ​ដល់​អ្នក​ដែល​បាន​តស៊ូ​ទាមទារ​ឯករាជ្យ ទោះបីជា​មាន​វប្បធម៌​គាំទ្រ​ក្រុម​ព័រ​ទុ​យ​ហ្គា​ល់ ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់ និង​តារា​ឆ្នើម​ព័រ​ទុ​យ​ហ្គា​ល់​ក៏​ដោយ​។

យ៉ាងណាមិញ Cristiano Ronaldo មិន​ទាន់​បញ្ចេញមតិ​ជា​សាធារណៈ ឬ​បង្ហាញ​ការ​ទទួលស្គាល់​រូបសំណាក​ដ៏​ចម្រូងចម្រាស​នេះ​នៅឡើយ​ទេ​។ ហើយ​នេះ ក៏​មិនមែន​ជា​រូបសំណាក Ronaldo ដំបូង​គេ​ដែរ ដែល​បាន​ដាក់​តាំង​បង្ហាញ​កាលពី​ឆ្នាំ ២០១៧ នៅ​អាកាសយានដ្ឋាន Madeira ត្រូវ​បាន​គេ​ចំអក​ថា​មិន​ដូច​ទៅ​នឹង​កីឡាករ​បាល់ទាត់​នោះ​ទេ​៕