បន្ទាប់ពីការបណ្តេញលោក Ole Gunnar Solskjaer ក្រុម Manchester United បានសម្រេចចិត្តតែងតាំងលោក Ralf Rangnick ដើម្បីជួយក្រុមឱ្យរកឃើញទម្រង់របស់ពួកគេឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយ កិច្ចការនេះគឺមិនងាយស្រួលសម្រាប់អតីតគ្រូបង្វឹក RB Leipzig ព្រោះថាស្ថានភាពនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់របស់ក្រុម ត្រូវបានរាយការណ៍ថា កំពុងមានភាពតានតឹងខ្លាំងដោយសារហេតុផលផ្សេងៗ។
យោងតាមសារព័ត៌មាន Daily Mail បញ្ហាចម្បងមួយគឺដោយសារ Cristiano Ronaldo និងមិត្តរួមក្រុមមួយចំនួនដូចជា Mason Greenwood ជាដើម។
ទន្ទឹមនឹងនេះដែរ អ្នកវិភាគរបស់ Sky Sports លោក Gary Neville បានបង្ហើបពីការប៉ះទង្គិចគ្នារវាង Ronaldo និងប្រធានក្រុម Harry Maguire បន្ទាប់ពីការមកដល់របស់តារាព័រទុយហ្គាល់រូបនេះកាលពីរដូវក្តៅមុន។
បន្ទាប់ពីប្រកួតស្មើ ១-១ របស់ Man Utd ជាមួយ Newcastle លោក Neville ក៏បានសម្តែងការមិនសប្បាយចិត្តជាមួយនឹងទង្វើដែល Bruno Fernandes និង Ronaldo ប្រព្រឹត្តចំពោះមិត្តរួមក្រុមដែលជាកីឡាករក្មេងៗមួយចំនួន។
ទន្ទឹមនឹងនេះ ដូចដែលបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស មានកីឡាករជាច្រើនដែលកំពុងជួបការលំបាកក្នុងការសម្របខ្លួនទៅនឹងការហ្វឹកហាត់របស់ Rangnick ផងដែរ។
យ៉ាងណាមិញដូចជា Anthony Martial, Dean Henderson, Eric Bailly, Jesse Lingard និង Donny van de Beek ដែលស្ទើរតែមិនរីករាយនឹងការលេងណាមួយឡើយ ហើយ United អាចនឹងសម្លឹងរកការផ្ទេរពួកវានៅក្នុងខែមករាខាងមុខនេះ៕