យើងពិតជាបានដឹងហើយថា ទីផ្សារដោះដូរកីឡាករនាខែមករាជិតនឹងបើកទ្វារហើយ ដោយក្នុងនោះក្លិបបាល់ទាត់នៅអង់គ្លេសនីមួយៗ ក៏កំពុងនឹងត្រៀមកញ្ចប់ទឹកប្រាក់ ដើម្បីទិញយកកីឡាករថ្មីៗ មកពង្រឹងក្រុមរៀងខ្លួន។
ដោយឡែកខ្សែការពាររបស់ហង្សក្រហម Trent Alexander-Arnold បាននិយាយថា គេចង់ឲ្យអ្នកចាត់ការក្លិបលោក Klopp ពិចារណាទិញយកខ្សែបម្រើ Kevin De Bruyne របស់ក្លិប Manchester City និង Heung-Min Son របស់ក្លិប Tottenham Hotspur មករួមក្រុម។
ពិតណាស់ Liverpool គឺជាក្រុមមួយដែលមិនសូវចាយលុយទិញកីឡាករ កាលពីទីផ្សារដោះដូរនារដូវក្ដៅកន្លងទៅ ដោយទិញបានតែខ្សែការពារ Ibrahima Konate មួយគត់ព្រោះលោក Jurgen Klopp និយមប្រើប្រាស់កីឡាករក្នុងក្រុមដែលមានស្រាប់។
យ៉ាងណាមិញពេលអ្នកគាំទ្រសួរ Arnold ថាតើគេចង់ឲ្យ Liverpool ទិញយកកីឡាករពីររូបណានៅ PL ? គាត់បានតបថា៖ «De Bruyne ព្រោះខ្ញុំកោតសរសើរគេខ្លាំងណាស់ ក្នុងនាមជាកីឡាករមួយរូប។ កាយសម្បទា បច្ចេកទេសរបស់គេ គឺពិតជាធ្វើឲ្យគេក្លាយជាកីឡាករដែលពូកែម្នាក់។ ការបញ្ជូនបាល់ និងបង្កើតឱកាសរបស់គេគឺពិតជាធ្វើឲ្យខ្ញុំខ្លាចណាស់។ មួយទៀតគឺ Son គេក៏ជាកីឡាករដែលពូកែដែរ។ គេមានទាំងល្បឿន ការបញ្ចប់ទី និងភាពនឹងនរ»៕