តាមរបាយការណ៍បានឲ្យដឹងថាក្លិប Juventus មានការស្ទាក់ស្ទើរចំពោះការនាំយក ខ្សែប្រយុទ្ធសញ្ជាតិហ្គាបុង កីឡាករ Pierre-Emerick Aubameyang មកចូលក្រុម ព្រោះចង់ចៀសវាងកំហុសដែលធ្លាប់មាន កាលផ្ទេរចូល Cristiano Ronaldo។
ខ្សែប្រយុទ្ធរបស់កាំភ្លើងធំ Arsenal រូបនេះ ត្រូវបានរាយការណ៍ថា ជាគោលដៅរបស់ក្លិបសេះបង្កង់ ក្នុងចំណោមកីឡាករ៣រូប ដែលក្លិបគ្រោងនាំយកមកពង្រឹងក្រុមក្នុងខែមករាខាងមុខនេះ។
បន្ទាប់ពីត្រូវបានដកតំណែងជាប្រធានក្រុម និងមិនមានឱកាសលេងក្រោមការដឹកនាំដោយលោក Mikel Arteta ខ្សែប្រយុទ្ធជនជាតិហ្គាបុងរូបនេះ គឺត្រៀមរកផ្លូវចាកចេញពីទឹកដី Emirates ស្របពេលក្លិបចង់បញ្ចេញរូបគេក្នុងឆ្នាំថ្មី ២០២២នេះផងដែរ។
ទោះជាយ៉ាងណា ក្លិបយក្សអ៊ីតាលី អាចនឹងស្ទាក់ស្ទើក្នុងការនាំយកកំពូលខ្សែប្រយុទ្ធជំនាញបញ្ចប់ទី ដែលមានបទពិសោធន៍ច្រើនដូច Aubameyang ដោយសារពួកគេធ្លាប់ជួបបទពិសោធន៍ខកចិត្ត ដូចអ្វីដែលបានកើតឡើងជាមួយ Ronaldo។
យោងតាមប្រភពពី Gazzetta Dello Sport បានរាយការណ៍ថា Aubameyang ជាម្នាក់ក្នុងចំណោមកីឡាករគោលដៅ ជាមួយនឹងខ្សែប្រយុទ្ធ Anthony Martial របស់ Manchester United និង Gianluca Scamacca របស់ Sassuolo៕