ហេតុផល​នៅ​ពីក្រោយ​ការ​ប្រជែង​យក CR7 របស់ Man City កាលពី​រដូវក្តៅ​មុន

0

ហេតុផល​នៅ​ពីក្រោយ​ការ​សម្រេចចិត្ត​របស់ Manchester City ក្នុង​ការ​ប្រជែង​យក Cristiano Ronaldo កាលពី​រដូវក្តៅ​មុន ដោយសារ​តែ Ferran Torres ខិត​កាន់តែ​កៀក​ក្នុង​ការ​ផ្ទេរ​ទៅ​កាន់ Barcelona ។

Manchester United បាន​ចុះហត្ថលេខា​លើ​កីឡាករ Cristiano Ronaldo ពី​ក្លឹ​ប​យក្ស​អ៊ី​តា​លី Juventus ក្នុង​អ្វី​ដែល​ជា​ការ​ផ្ទេរ​ដ៏​ធំ​បំផុត​មួយ​នៅ​រដូវក្តៅ​។ កីឡាករ​អន្តរជាតិ​ព័រ​ទុ​យ​ហ្គា​ល់​បាន​ត្រលប់​ទៅ Old Trafford វិញ​ក្នុង​រយៈពេល ១២ ឆ្នាំ​បន្ទាប់​ពី​ចាក​ចេញពី​ក្លឹ​ប​ទៅ Real Madrid នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​។

ទោះជា​យ៉ាងណា​ក៏​ដោយ​ក្រុម Manchester City ដែល​ជា​គូប្រជែង​ដ៏​សំខាន់​របស់ Man Utd ហាក់ដូចជា​ប្រកួតប្រជែង​យ៉ាង​ខ្លាំង​សម្រាប់​ការ​ចុះហត្ថលេខា​ជាមួយ CR7 ពីរ​បី​ថ្ងៃមុន​ទីផ្សារ​បិទ​។ ក្រុម​របស់​លោក Pep Guardiola ស្ថិត​ក្នុង​ទីផ្សារ​សម្រាប់​ខ្សែប្រយុទ្ធ​ថ្មី ហើយ​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​កំណត់​អត្តសញ្ញាណ​កីឡាករ​វ័យ ៣៦ ឆ្នាំ​រូប​នេះ ថា​ជា​កីឡាករ​ដែល​មាន​សក្តានុពល​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ទីបំផុត Cristiano Ronaldo បាន​បញ្ចប់​ការ​ត្រលប់​មក Manchester United វិញ បន្ទាប់​ពី Manchester City បាន​ដកខ្លួន​ចេញពី​ការ​ប្រជែង​នេះ​។ មូលហេតុ​ដែល​មេឃ​ខៀវ​បាត់​ឱកាស​ចុះហត្ថលេខា​លើ​ម្ចាស់​ពាន Ballon d’Or ៥​សម័យ​ឥឡូវ​បាន​លេចឡើង​ហើយ​។

យោង​តាម​អ្នកកាសែត Guillem Balague បានឱ្យ​ដឹង​ថា Manchester City បាន​សម្រេចចិត្ត​មិន​ចុះហត្ថលេខា​លើ Cristiano Ronaldo ខណៈ​ដែល​ពួក​គេ​មាន​អារម្មណ៍​ថា ពួក​គេ​មាន​កីឡាករ​គ្រប់គ្រាន់​នៅ​ក្នុង​តំបន់​ប្រយុទ្ធ​។ ក្លឹ​ប​យក្ស​នៅ Premier League ថែម​ទាំង​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ពិចារណា​លក់​ខ្សែប្រយុទ្ធ​ពីរ ឬ​បី​នាក់​នៅ​រដូវក្តៅ​។

Bernardo Silva និង Raheem Sterling ស្ថិត​ក្នុង​ចំណោម​ខ្សែប្រយុទ្ធ Manchester City ដែល​ត្រូវ​បាន​ផ្សារ​ភ្ជាប់​យ៉ាង​ខ្លាំង ជាមួយនឹង​ការ​ចាកចេញ​នៅ​រដូវក្តៅ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ឥឡូវនេះ Manchester City កំពុង​ខិត​កាន់តែ​កៀក ក្នុង​ការ​ផ្ទេរ​ខ្សែប្រយុទ្ធ​ម្នាក់​របស់​ពួក​គេ​ចេញពី​ក្លឹ​ប​។ មេឃ​ខៀវ​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ​ក្លឹ​ប Barcelona លើ​ការ​លក់​កីឡាករ Ferran Torres ក្នុង​តម្លៃ ៥៥ លាន​អឺ​រ៉ូ​នៅ​មុន​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវរងារ​។

គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ បាន​បង្ហើប​ថា​ម្ចាស់​ជើងឯក​អង់គ្លេស នឹង​មិន​ចុះហត្ថលេខា​លើ​កីឡាករ​សម្រាប់​ជំនួស Ferran Torres ក្នុង​ខែមករា​ទេ​។ លោក​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា​៖ «​យើង​នឹង​មិន​នាំ​យក​ខ្សែប្រយុទ្ធ​បន្ថែម​នៅ​ក្នុង​ខែមករា​ទេ នេះ​ជា​ផែនការ​»៕