អីយ៉ាស់! PSG ត្រៀម​លក់​កីឡាករ ៧​នាក់ ដើម្បី​ទប់​ចំណាយ​លើ Messi (​មាន​វី​ដេ​អូ​)

0

កីឡាករ​របស់​ក្លឹ​ប PSG ចំនួន ៧ នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា​អាច​នឹង​លក់​ចេញ នៅ​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ខែមករា ដើម្បី​ផ្តល់​មូល​ថវិការ​សម្រាប់​ផ្គត់ផ្គង់​ប្រាក់​ឈ្នួល​របស់ Lionel Messi ។ ទាំងនេះ​រួម​មាន​ដូច​ជា Sergio Rico, Rafinha, Mauro Icardi និង​អ្នក​ផ្សេង​ទៀត​។

PSG មាន​ភាព​សកម្ម​ខ្លាំង​ក្នុងអំឡុងពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវក្តៅ មុន​ចាប់ផ្តើម​រដូវ​កាល ២០២១-២២ ។ ក្លឹ​ប​យក្ស​នៅ Ligue 1 បាន​ចុះហត្ថលេខា​លើ​កីឡាករ Messi, Sergio Ramos, Gianluigi Donnarumma និង Achraf Hakimi ដើម្បី​ពង្រឹង​ក្រុម​របស់​ពួក​គេ​។

ទោះជា​យ៉ាងណា​ក៏​ដោយ ការ​ចុះហត្ថលេខា​លើ​តារា​ឆ្នើម​ទាំងនេះ​បាន​មើលឃើញ​ថា កញ្ចប់​ប្រាក់​ឈ្នួល​របស់ PSG កើនឡើង​យ៉ាង​ខ្លាំង​។ យោង​តាម​សារព័ត៌មាន Mirror វិ​ក័យ​ប័ត្រ​ប្រាក់​ឈ្នួល​របស់ PSG បច្ចុប្បន្ន​មាន​ចំនួន ៣០០ លាន​អឺ​រ៉ូ ដោយ Messi ជា​អ្នក​ទទួល​បាន​ច្រើន​បំផុត​ប្រហែល ៤១ លាន​អឺ​រ៉ូ​ក្នុង​មួយ​ឆ្នាំ​។

ប្រការ​នេះ​បាន​ជំរុញ​ឱ្យ PSG បង្ខំចិត្ត​លក់​ចេញ​កីឡាករ​មួយ​ចំនួន​របស់​ពួក​គេ នៅ​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ខែមករា​ខាង​មុខ​នេះ​។ អ្នកចាំទី Sergio Rico គឺជា​កីឡាករ​ដំបូង​ដែល​គេ​រំពឹង​ថា​នឹង​ចាក​ចេញពី Parc des Princes ។ អ្នកចាំទី​វ័យ ២៨ ឆ្នាំ​រូប​នេះ​បាន​ជួប​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ពេលវេលា​ប្រកួត​ជាប់លាប់ ចាប់តាំងពី​ការ​មក​ដល់​របស់ Keylor Navas និង Gianluigi Donnarumma​។

ការ​ចាកចេញ​មួយទៀត អាច​ជា​ខ្សែបម្រើ Rafinha ។ អតីត​តារា​ឆ្នើម​របស់ Barcelona អាច​ចាក​ចេញពី PSG ដើម្បី​ស្វែងរក​ពេលវេលា​លេង​ជាក់លាក់​សម្រាប់​លេង​។ ទោះជា​យ៉ាងណា​ក៏​ដោយ តារា​ឆ្នើម​ដែល​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ជិត​ចាក​ចេញពី PSG គឺ Mauro Icardi ។ ខ្សែប្រយុទ្ធ​វ័យ ២៨ ឆ្នាំ​រូប​នេះ​បាន​ធ្លាក់​ចុះ​ទម្រង់​លេង​ចាប់តាំងពី​ការ​មក​ដល់​របស់ Lionel Messi​។ Icardi បាន​បរាជ័យ​ក្នុង​ការ​ប្រជែង​តំណែង​ពី​កីឡាករ​ជួរ​មុខ​ទាំង​៣​គឺ Messi, Neymar និង Mbappe ហើយ​បាន​បង្ហាញខ្លួន​ត្រឹមតែ ៦ ដង​ប៉ុណ្ណោះ​នៅ​ក្នុង Ligue 1 នៅ​រដូវ​កាល​នេះ​។

កីឡាករ​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ចាក​ចេញពី PSG រួម​មាន​ដូច​ជា Colin Dagba, Layvin Kurzawa, Abdou Diallo និង Eric Junior Dina Ebimbe ៕