Sergio Aguero ត្រូវបានបង្ខំឱ្យព្យួរស្បែកជើងរបស់គាត់នៅអាយុ ៣៣ ឆ្នាំដោយសារតែបញ្ហាបេះដូង ដែលរារាំងគាត់ពីការចូលរួមក្នុងការប្រកួតរបស់ Barcelona ក្នុងរយៈពេលពីរបីខែចុងក្រោយនេះ។
កន្លងមកនេះ មានព័ត៌មានលេចឮជាពាក្យចចាមអារ៉ាម អំពីមូលហេតុជាច្រើននៅពីក្រោយជំងឺបេះដូងរបស់ Aguero ខ្លះថាមកពីការចាក់វ៉ាក់សាំងកូវីដ-១៩ ជាដើម។
ទោះជាយ៉ាងណា លោកវេជ្ជបណ្ឌិត Roberto Peidro ដែលជាគ្រូពេទ្យឯកទេសជំងឺបេះដូង របស់អតីតខ្សែប្រយុទ្ធអាហ្សង់ទីនខាងលើនេះ បានបង្ហាញថាមេរោគគឺជាហេតុផល នៅពីក្រោយបញ្ហាបេះដូងនាពេលថ្មីៗនេះរបស់ Aguero ហើយបានសង្កត់ធ្ងន់ថា វាមិនទាក់ទងទៅនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ នោះទេ។ គឺវាផ្ដើមចេញពីការរលាកសរសៃឈាមបេះដូង ដែលកើតចេញពីចង្វាក់បេះដូងលោតញាប់ខ្លាំងពេក។ វាក៏អាចពាក់ព័ន្ធនឹងភាពតានតឹងផ្នែករាងកាយ និងផ្លូវចិត្តដែលកើតមានជាច្រើនម៉ោងក្នុងមួយថ្ងៃៗ។
គួរបញ្ជាក់ថា Sergio Aguero បានផ្លាស់ចេញដោយឥតថ្លៃខ្លួនពី Man City បន្ទាប់ពីការបង្ហាញសមត្ថភាពដ៏អស្ចារ្យនៅទីនោះ ដោយបានសង្ឃឹមយ៉ាងមុតមាំថា នឹងបានលេងជាមួយរៀមច្បង Messi តែគ្រប់យ៉ាងបានត្រឹមខកចិត្ត៕
សូមទស្សនាវីដេអូខាងក្រោម៖