Messi បាន​ផ្ញើ​សារ​យ៉ាង​វែង​អន្លាយ​ទៅ​កាន់ Aguero (មានវីដេអូ)

0

ម្ចាស់​ពាន Ballon d’Or ប្រាំពីរ​សម័យកាល កីឡាករ Lionel Messi បាន​ផ្ញើរ​សារ​លើកទឹកចិត្ត​ទៅ​កាន់​មិត្ត​រួម​ជាតិ Sergio Aguero បន្ទាប់​ខ្សែប្រយុទ្ធ​របស់​ក្រុម Barcelona រូប​នេះ ប្រកាស​អំពី​ការ​ចូល​និវត្តន៍​ពី​វិស័យ​បាល់ទាត់​របស់​ខ្លួន​កាលពី​ថ្ងៃ ពុធ​កន្លង​ទៅ​។

គួរ​រំលឹក​ថា Aguero បាន​ផ្លាស់​មក​កាន់ Barcelona នៅ​រដូវ​កាល​នេះ ដោយ​គាត់​រំពឹង​ថា​នឹង​អាច​ចាប់​ដៃគូ​គ្នា​នៅ​លើ​ទីលាន​ជាមួយ​មិត្តភក្តិ​ល្អ​បំផុត​នោះ​គឺ Messi ប៉ុន្តែ​ដោយសារ​តែ​ក្លិប​អ្នកមាន​បុណ្យ​បាន​ជួប​នូវ​វិបត្តិ​ហិរញ្ញវត្ថុ ទើប​មិន​អាច​ឱ្យ Messi បន្ត​កុងត្រា​ថ្មី​បាន រហូត​ចុង​ក្រោយ​គាត់​ធ្វើការ​ផ្ទេរ​មក​ចូលរួម​ជាមួយ​ក្រុម Paris Saint-Germain​។

យ៉ាងណាមិញ ក្រោយ Aguero ប្រកាស​ចូល​និវត្តន៍​ពី​បាល់ទាត់ Messi បាន​ផ្ញើ​សារ​យ៉ាង​ដូច្នេះ​ថា​៖ «​ពួក​យើង​បាន​ចាប់ផ្តើម​អាជីព​ជាមួយ​គ្នា Aguero យើង​ធ្លាប់​មាន​ពេលវេលា​ដ៏​អស្ចារ្យ​ជាមួយ​គ្នា​មួយ​ចំនួន ហើយ​ពេល​ខ្លះ​ក៏​មានរឿង​មិនល្អ​ខ្លះ​ដែរ ប៉ុន្តែ​រឿង​ទាំង​អស់នេះ​ហើយ ដែល​ធ្វើ​ឱ្យ​យើង​កាន់តែ​ជិត​ស្និទ្ធ និង​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​កាន់តែ​ល្អ​ជាង​មុន​។ ជា​ពិសេស គឺ​នៅ​ពេល​ដែល​ពួក​យើង​ចំណាយពេល​លេង​បាល់ទាត់​ជាមួយ​គ្នា​នៅ​លើ​ទីលាន​។ វា​ជា​សករាជ​ថ្មី​មួយ​ដែល​ល្អ​បំផុត​! ខ្ញុំ​ពិតជា​ស្រឡាញ់​អ្នក​ខ្លាំង​ណាស់​មិត្តភក្តិ​របស់ខ្ញុំ ខ្ញុំ​នឹង​ចង​ចាំ​រឿង​ទាំងអស់​ដែល​ពួក​យើង​បាន​ធ្វើ​ជាមួយ​គ្នា​នៅ​លើ​ទីលាន ពោល​គឺ​នៅ​ពេល​ដែល​ពួក​យើង​បាន​ជួប​គ្នា​នៅ​ក្រុម​ជម្រើសជាតិ​»៕

សូមទស្សនាវីដេអូខាងក្រោម៖