អ្នកចាត់ការបណ្ដោះអាសន្នរបស់ Manchester United លោក Ralf Rangnick និយាយថាលោកមិនសូវចាប់អារម្មណ៍ចំពោះការលើកឡើងរបស់ភ្នាក់ងារខ្សែប្រយុទ្ធ Anthony Martial លោក Philippe Lamboley ដែលបាននិយាយក្នុងសម្ភាសន៍របស់ Sky Sports កាលពីថ្ងៃសុក្រថា ខ្សែប្រយុទ្ធបារាំង នឹងចាកចេញពី Old Trafford នៅក្នុងខែមករាខាងមុខ។
លោក Lamboley បាននិយាយថា Martial មិនពេញចិត្តចំពោះឱកាសដែលទទួលបានសម្រាប់ការចូលលេងនៅក្នុងក្រុម ហើយប្រាថ្នាចង់ចាកចេញពី Man Utd នៅខែក្រោយ។
អ្នកចាត់ការក្លិបបិសាចក្រហម លោក Rangnick ដែលទើបដឹកនាំក្រុមឈ្នះការប្រកួតលើកទី២នៅ Premier League ដោយលទ្ធផល ១-០ លើ Norwich City បាននិយាយថា លោកមិនសូវមានការចាប់អារម្មណ៍ទៅលើអ្វីដែលភ្នាក់ងាររបស់ Martial បាននិយាយនោះទេ ហើយកីឡាករផ្ទាល់គួរតែនិយាយរឿងនេះប្រាប់ដល់ក្លិប។
លោក Rangnick បាននិយាយថា៖ «ខ្ញុំមិនបានទាក់ទងជាមួយភ្នាក់ងារ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងសន្និសីទសារព័ត៌មាននោះទេ។ កីឡាករមិនបាននិយាយជាមួយខ្ញុំ ឬពួកយើងអំពីរឿងនេះឡើយ»។
«ហើយនិយាយដោយស្មោះត្រង់ទៅ អ្វីដែលភ្នាក់ងារគេបាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយ មិនបានធ្វើឱ្យខ្ញុំចាប់អារម្មណ៍ច្រើននោះទេ។ ខ្ញុំនឹងមិននិយាយជាមួយកីឡាករអំពីវាឡើយ ព្រោះខ្ញុំអាចប្រតិកម្មទៅកាន់អ្វីដែលភ្នាក់ងាររបស់គេបាននិយាយ។ វាគួរតែជាកីឡាករ ប្រសិនបើគេចង់ទៅចូលរួមក្លិបណាមួយផ្សេងមែន គេគួរតែផ្ដល់ដំណឹងទៅថ្នាក់ដឹកនាំ មកកាន់ខ្ញុំ ឬនរណាម្នាក់»៕