បច្ចុប្បន្នមានក្លិបធំពីរនៅលីគកំពូលអ៊ីតាលីគឺ Atalanta និង AC Milan កំពុងបង្ហាញការចាប់អារម្មណ៍ ខ្សែប្រយុទ្ធនាំសំណាងម្នាក់របស់ក្លិបអង់គ្លេស Liverpool មុនការដោះដូរកីឡាករក្នុងមករាខាងមុខ នេះបើយោងតាមសារព័ត៌មាន Tuttomercato។
ជាការពិតណាស់ទាំង Atalanta និង AC Milan ត្រូវបានរាយការណ៍ថា កំពុងចង់បានខ្សែប្រយុទ្ធបែលហ្ស៊ិក Divock Origi របស់ក្រុមងហង្សក្រហម ទៅបំពេញតំបន់ប្រយុទ្ធក្នុងក្រុមរបស់ពួកគេ ស្របពេលអនាគតកីឡាករវ័យ២៦ឆ្នាំរូបនេះ ស្ថិតនៅក្នុងភាពមិនច្បាស់លាស់ បើទោះបីជារឿយៗគេជាកីឡាករបម្រុងដែលប្ដូរចូល និងរកគ្រាប់បាល់ជ័យជម្នះជូន Liverpool ក៏ដោយ។
គោរំលឹកថា នៅក្នុងរដូវកាល ២០២១-២២ នេះ Origi រកគ្រាប់បាល់បានសរុប៥គ្រាប់ និង assist ២លើក ក្នុងការបង្ហាញខ្លួន១០ប្រកួត ឱ្យក្រុមដែលបង្វឹកដោយលោក Jurgen Klopp ដោយក្នុងនោះមានមួយគ្រាប់ទល់នឹង Milan នៅ UEFA Champions League។
Tuttomercato បានឱ្យដឹងថាក្លិប Atalanta និង Milan ចង់នាំយកខ្សែប្រយុទ្ធកណ្ដាលមួយរូប ដោយសារក្លិបទាំងពីរនេះរំពឹងថា ពួកគេអាចបាត់បង់ខ្សែប្រយុទ្ធរបស់ខ្លួន នៅក្នុងពេលដ៏ខ្លីខាងមុខគឺ Luis Moriel សម្រាប់ Atalanta និង Zlatan Ibrahimovic សម្រាប់ AC Milan។
ខ្សែប្រយុទ្ធស៊ុយអែតវ័យ ៤០ឆ្នាំ Zlatan នៅសល់កិច្ចសន្យារហូតដល់ចប់រដូវកាលនេះជាមួយ Milan ហើយ Origi អាចត្រូវបានចាត់ទុកថា ជាអ្នកជំនួសដ៏ស័ក្ដិសមបំផុត។
ដោយឡែក Atalanta ក៏មានករណីស្រដៀងគ្នានេះដែរ ដោយខ្សែប្រយុទ្ធ Muriel ក៏ទំនងនឹងចាកចេញពីក្លិប មានន័យថាវាអាចជាឱកាសឱ្យ Origi អាចលេងបានទៀងទាត់លើទីលាន ប៉ុន្ដែក្លិបហង្សក្រហម អាចកំណត់តម្លៃខ្ពស់សម្រាប់ការផ្ទេរខ្សែប្រយុទ្ធរូបនេះ៕