អតីត​គ្រូ​ក្រុម​យុវជន Barcelona ម្នាក់​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រំលោភ​ផ្លូវភេទ​លើ​សិស្ស​ជា​ច្រើន​នាក់

0

បរទេស៖ សារព័ត៌មាន​អេ​ស្ប៉ា​ញ​បាន​រាយការណ៍​កាលពី​ថ្ងៃ​សៅរ៍​ថា អតីត​គ្រូ​ក្រុម​យុវជន​របស់ ក្លឹ​ប​បាល់ទាត់ Barcelona លោក Albert Benaiges ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រំលោភ​ផ្លូវភេទ​លើ​អតីត​សិស្ស​រាប់​សិប​នាក់ នៅ​សាលា​មួយ​ដែល​គាត់​ធ្វើការ​នៅ​ទីក្រុង Barcelona ។

នេះ​បើ​យោង​តាម​កាសែត​កា​តា​ឡាន ARA បាន​រាយការណ៍​ថា អតីត​សិស្ស​របស់ Benaiges ជាង 60 នាក់​បាន​ចោទប្រកាន់​គាត់​ថា​បាន​បំពាន​ផ្លូវភេទ​ពួក​គេ​ខណៈ​ពេល​ដែល​គាត់​ជា​គ្រូបង្រៀន​ផ្នែក​អប់រំ​កាយ​នៅ​សាលា​របស់​ពួក​គេ​។ ខណៈ​ពេល​នេះ​លោក Benaiges បាន​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​នេះ ថា​មិន​បាន​ប្រព្រឹត្តិ​ខុស​នោះ​ទេ​។

ក្នុង​នោះ​គ្រូបង្វឹក​បច្ចុប្បន្ន​របស់​ក្រុម Barcelona លោក Xavi Hernandez បាន​បញ្ជាក់​នៅ​ថ្ងៃ​សៅរ៍​កន្លង​មកនេះ​ថា អាជ្ញាធរ​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​អេ​ស្ប៉ា​ញ​បាន​នឹង​កំពុង​បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​ការ​រឿង​នេះ​។ Xavi បន្ថែម​ថា​គាត់ “​ភ្ញាក់ផ្អើល​” យ៉ាង​ខ្លាំង​ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ៗ​។

គួរ​បញ្ជាក់​ថា​លោក Benaiges វ័យ 71 ឆ្នាំ គឺជា​សមាជិក​ដ៏​សំខាន់​នៃ​សាលា​បណ្តុះបណ្តាល​យុវជន​របស់ Barcelona ចន្លោះ​ឆ្នាំ 1991-2011 ស្រប​ពេល​ជាមួយនឹង​ជំនាន់​នៃ​កីឡាករ​ល្អ​បំផុត​របស់​ក្លឹ​ប រួម​ទាំង Andres Iniesta និង Xavi ។

លោក Xavi បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការ​ប្រកួត​ថា “​ខ្ញុំ​មិនដឹង​ថា​មានរឿង​អ្វី​នោះ​ទេ គាត់​គឺជា​គ្រូបង្វឹក​របស់ខ្ញុំ ហើយ​ខ្ញុំ​ក៏​មិន​ដែល​មានការ​សង្ស័យ​អ្វី​នោះ​ទេ​។ ខ្ញុំ​ភ្ញាក់ផ្អើល និង​ស្រឡាំងកាំង​ខ្លាំង​ណាស់​។ ខ្ញុំ​មិន​នឹក​ស្មាន​ដល់​ទេ​”​។

យ៉ាងណាមិញ លោក Benaiges កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើបអង្កេត របស់​ប៉ូ​លី​ស​នៅឡើយ​៕

ប្រភព៖ សហការី