Cristiano Ronaldo ត្រូវបានសម្រាកសម្រាប់ការប្រកួតរបស់ Manchester United ជាមួយ Young Boys នៅ Old Trafford កាលពីថ្ងៃពុធក្នុងពានរង្វាន់ Champions League ។ ក្រុមបិសាចក្រហមអាចបានត្រឹមតែស្មើ ១-១ សម្រាប់ការប្រកួតចុងក្រោយក្នុងពូលរបស់ពួកគេប៉ុណ្ណោះ ដោយគ្មានវត្តមានកីឡាករព័រទុយហ្គាល់។
ទន្ទឹមនឹងនោះ វីរបុរសក្លឹបបិសាចក្រហម Manchester United ម្នាក់បានទម្លាយថា គាត់មិនមានការភ្ញាក់ផ្អើលចំពោះទម្រង់លេងរបស់ Cristiano Ronaldo នោះទេ។ Park Ji-sung ស្ទើរតែមិនមានការភ្ញាក់ផ្អើលចំពោះទម្រង់លេងរបស់ CR7 ចាប់តាំងពីបានចូលរួមជាមួយ Manchester United ម្តងទៀតនៅរដូវក្តៅនេះ។
Ronaldo បានស៊ុតបញ្ចូលទីបាន ១២ គ្រាប់ និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន ២ ដងទៀតក្នុងការបង្ហាញខ្លួន ១៧ ប្រកួតសម្រាប់ក្រុមបិសាចក្រហម។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ ស៊ុតបញ្ចូលទីបាន ៦ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៥ ប្រកួតក្នុង Champions League ដោយជួយ Manchester United ឈរនៅកំពូលតារាងពូល F ។
និយាយទៅកាន់ Goal វីរបុរសរបស់ Manchester United បាននិយាយថា ការបង្ហាញទម្រង់លេងរបស់ Ronaldo គឺជាលទ្ធផលធម្មជាតិដែលមានមកជាច្រើនឆ្នាំហើយ។
Park បាននិយាយថា៖ «អ្វីដែលខ្ញុំចងចាំអំពី Cristiano Ronaldo គឺថាគាត់តែងតែមានបាល់នៅក្បែរគាត់ សូម្បីតែនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់»”។
Park បានបន្តទៀតថា៖ «មនុស្សជាច្រើននិយាយថា ទម្រង់លេងរបស់គាត់គឺអស្ចារ្យណាស់ ទោះបីជាពេលនេះមានអាយុ ៣៦ ឆ្នាំហើយក៏ដោយ ប៉ុន្តែក្នុងនាមជាមិត្តរួមក្រុមដែលបានឃើញគាត់ធ្វើរឿងទាំងអស់នេះពីមុនមក ខ្ញុំជឿថាសមត្ថភាពរបស់គាត់នៅដូចពេលមុន គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ»៕
សូមទស្សនាវីដេអូខាងក្រោម៖