អតីតតារាឆ្នើមរបស់បិសាចក្រហមលោក Rio Ferdinand បានទាយទុកជាមុនថា មានតែក្លិប ៣ ប៉ុណ្ណោះដែលអាចឈ្នះ Champions League រដូវកាលនេះបានគឺក្លិប Liverpool ,Chelsea និង Manchester City ។
Liverpool គឺជាក្រុមនៅអង់គ្លេសដំបូងគេ ដែលអាចឈ្នះការប្រកួតនៅវគ្គចែកពូលទាំង៦នៅ Champions League បន្ទាប់ពីក្រុមលោក Jurgen Klopp បានយកឈ្នះ AC Milan ២ ទល់នឹង១ កាលពីថ្ងៃទី៨ខែធ្នូ។
Manchester City បានចាញ់ RB Leipzig ២ ទល់នឹង១ ប៉ុន្តែក្រុមនេះក៏បានកក់កៅអីឡើងទៅវគ្គ ១៦ក្រុមផងដែរ។ ខណៈនោះដែរ Chelsea ដែលដឹកនាំដោយ Thomas Tuchel ក៏ជាក្រុមដែលអាចឡើងដល់វគ្គ ១៦ក្រុមផងដែរ បើទោះបីជាលេងស្មើ Zenit ៣ ទល់នឹង៣ កាលពីយប់ថ្ងៃទី ៩ខែធ្នូក៏ដោយ។
យ៉ាងណាមិញ Ferdinand ជឿជាក់ថាម្ចាស់ពាន UCL រដូវកាលនេះគឺក្លិបមកពីអង់គ្លេសទាំងបីគឺមានប្រៀបជាងគេ បន្ទាប់ពីរដូវកាលមុន Chelsea បានក្លាយជាម្ចាស់ពាននេះ។
លោក Ferdinand បាននិយាយថា៖ «ខ្ញុំមិនឃើញមានក្រុមណាផ្សេងខ្លាំងជាងក្រុមនៅអង់គ្លេសទាំងបីនេះទេ មានមួយគឺ Bayern ដែលអាចខ្លាំងដល់កម្រិតពួកគេ ប៉ុន្តែ Chelsea, Man City និង Liverpool គឺពិតជាខ្លាំង និងមានគ្រូបង្វឹកឆ្នើមទាំងអស់។ នៅពេលដែលក្រុមអស់នេះឡើងដល់វគ្គក្រោយៗ អ្នកនឹងបានឃើញបទពិសោធន៍របស់ពួកគេត្រូវគាស់កកាយឡើងមក»៕