Lewandowski បង្ហាញអារម្មណ៍មិនសប្បាយចិត្តក្រោយ Messi និយាយបែបនេះ!

0

Robert Lewandowski បានសារភាពថាខ្លួន «មានអារម្មណ៍សោកសៅណាស់» ក្រោយឮថា ម្ចាស់ពាន Ballon d’or ប្រាំពីរសម័យ Lionel Messi និយាយបែបនេះ ក្នុងការអំពាវនាវឱ្យ Lewandowski សមទទួលបានពានរង្វាន់ Ballon d’or សម្រាប់ឆ្នាំ ២០២០ ។

ជាការពិតណាស់ France Football បានផ្អាកការប្រគល់រង្វាន់ដ៏មានកិត្យានុភាពក្នុងឆ្នាំ២០២០ ដែលត្រូវបានរំខានយ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតនៃមេរោគឆ្លង កូវីដ-១៩ ដែលមានន័យថា ឆ្នាំ២០២០ ត្រូវបានរំលងចោល។

ខ្សែប្រយុទ្ធប៉ូឡូញវ័យ ៣៣ឆ្នាំរូបនេះ គឺជាបេក្ខភាពដែលអ្នកគាំទ្រសង្ឃឹមយ៉ាងមុតមាំថា គាត់នឹងឈ្នះពានអ្នកលេងល្អបំផុតក្នុងពិភពលោកក្នុងឆ្នាំនេះ ប៉ុន្តែចុងក្រោយត្រូវបានខកខាន បានត្រឹមឈរនៅលេខរៀងទី ២ បន្ទាប់ពីខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បានឈ្នះពាន Ballon d’or ជាលើកទីប្រាំពីររបស់ខ្លួន។

យ៉ាងណាមិញ Lewandowski បានប្រាប់ Kanal Sportowy ពីការបញ្ចប់ជាជើងឯករងក្នុងការបោះឆ្នោត Ballon d’Or ចុងក្រោយថា «ខ្ញុំមានអារម្មណ៍សោកសៅ ខ្ញុំមិនអាចទទួលយកបានទេ»។

«ខ្ញុំមិនអាចនិយាយថាខ្ញុំសប្បាយចិត្តទេ ផ្ទុយទៅវិញខ្ញុំមានអារម្មណ៍សោកសៅបំផុត។ ព្រោះឆ្នាំ ២០២០ គឺជាឆ្នាំដែលមនុស្សទូទាំងពិភពលោក មានការសោកសៅខ្លាំងបំផុតរួចម្តងទៅហើយ»។ Robert បន្តថា ខ្ញុំមានការរាប់អាន និងគោរព Messi ណាស់ ហើយចំពោះរបៀបដែលគាត់បាននិយាយ សូមឲ្យមានការគោរព និងភាពស្មោះត្រង់។

គួររំលឹកថា បន្ទាប់ពីត្រូវបានទទួល Ballon d’Or ២០២១ Messi បានស្នើថា «អ្នករាល់គ្នាដឹងហើយ យើងយល់ស្របថាគេគឺជាអ្នកឈ្នះកាលពីឆ្នាំមុន។ ខ្ញុំគិតថា France Football គួរតែផ្តល់ពានរង្វាន់ Ballon d’Or ឆ្នាំ ២០២០ ដល់ Lewandowski អ្នកសមនឹងទទួលបានវា ហើយអ្នកគួរតែមានវានៅផ្ទះ»៕