CR7 តប​ទាំង​ខឹងសម្បារ​ទៅ​ថ្នាក់ដឹកនាំ France Football ទាក់ទង​រឿង Ballon dÓr

0

ខ្សែប្រយុទ្ធ​ក្រុម​បិសាច​ក្រហម Cristiano Ronaldo បាន​ឆ្លើយ​តប​វិញ​ចំពោះ​លោក Pascal Ferre ប្រធាន​អ្នក​រៀបចំ​កម្មវិធី Ballon dÓr ដែល​បាន​និយាយ​ថា គេ​ចង់​ឈ្នះ​ពានរង្វាន់​ផ្ទាល់ខ្លួន​មួយ​នេះ ឱ្យ​បាន​ច្រើន​ជាង Lionel Messi ។

កាលពី​ស​ប្ដា​ហ៍​មុន​នេះ​លោក Pascal Ferre បាន​អះអាង​ថា​មហិច្ឆតា​របស់ Ronaldo គឺ​ធ្វើ​យ៉ាងណា​អាច​ឈ្នះ​ពានរង្វាន់ Ballon dÓr ឱ្យ​បាន​ច្រើន​ជាង​កីឡាករ Messi ក្នុង​អាជីព​បាល់ទាត់​នេះ​។ ដោយ​ការ​និយាយ​បែប​នេះ បាន​ធ្វើ​ឱ្យ CR7 មិន​សប្បាយចិត្ត​នោះ​ទេ ហើយ​ក៏​បាន​តបត​វិញ​យ៉ាង​ចាស់ដៃ​ផង​ដែរ​។

ម្ចាស់​ពានរង្វាន់ Ballon dÓr ៥​សម័យ​វ័យ ៣៦​ឆ្នាំ​រូប​នេះ បាន​និយាយ​ថា ៖ «Pascal Ferre និយាយ​កុហក​។ គាត់​បា ប្រើ​ឈ្មោះ​របស់ខ្ញុំ ដើម្បី​ប្រ​ម៉ូត​ខ្លួន​គាត់ និង​ប្រ​ម៉ូត​ការងារ​ដែល​គាត់​កំពុង​ធ្វើ​។ វា​មិន​អាច​ទទួលយក​បាន​ទេ ដែល​អ្នក​ទទួលខុសត្រូវ​ក្នុង​ការ​ផ្តល់​រង្វាន់ ដ៏​មាន​កិត្យានុភាព​បែប​នេះ អាច​កុហក​តាម​របៀប​នេះ ដោយ​មិន​គោរព​ជា​ដាច់ខាត ចំពោះ​អ្នក​ដែល​តែងតែ​គោរព France Football និង Ballon d’Or​។​ថ្ងៃនេះ​គាត់​បាន​កុហក​ម្ដងទៀត ចំពោះ​អវត្ដមាន​របស់ខ្ញុំ នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​»​។

«​ខ្ញុំ​តែងតែ​ចង់​អបអរ​អ្នក​ឈ្នះ ក្នុង​ភាព​ជា​អ្នកកីឡា និង​យុត្ដិធម៌​ដែល​វា​បាន​ដឹកនាំ​អាជីព​របស់ខ្ញុំ តាំងពី​ដើម​មក​។ ខ្ញុំ​មិន​ដែល​គិត​ចង់​ប្រឆាំង​ជាមួយ​នរណា​ទេ​»៕