វីរបុរសបាល់ទាត់អង់គ្លេសលោក Danny Mills បានជំរុញឱ្យក្លិបកាំភ្លើងធំ Arsenal អនុញ្ញាតឱ្យ Alexandre Lacazette ចាកចេញពីក្លឹប ដោយឥតថ្លៃខ្លួន នៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅរដូវក្តៅក្រោយ។
គួររំលឹកថា Lacazette បានចូលរួមជាមួយកាំភ្លើងធំ Arsenal ពីក្លឹបយក្សបារាំង Lyon ក្នុងឆ្នាំ ២០១៧ ហើយចាប់តាំងពីពេលនោះមក គេបានស៊ុតបញ្ចូលទីបាន ៥១ គ្រាប់ ក្នុងការបង្ហាញខ្លួន ១៣៦ ប្រកួត Premier League សម្រាប់ក្លឹបភាគខាងជើងទីក្រុងឡុងដ៍មួយនេះ។
ទោះជាយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធបារាំងវ័យ ៣០ ឆ្នាំរូបនេះ ទើបតែចាប់ផ្តើមការប្រកួតចំនួន ១២ របស់ Arsenal ត្រឹមតែ ៤ ដងប៉ុណ្ណោះ ក្នុងរដូវកាលនេះដោយគ្រូបង្វឹក Mikel Arteta តែងតែជ្រើសរើស Pierre-Emerick Aubameyang មុនគាត់ក្នុងជម្រើសដំបូង។
យ៉ាងណាមិញអតីតខ្សែការពារកណ្តាល Danny Mills គាត់បានប្រាប់ Football Insider ថា៖«ខ្ញុំជឿជាក់ថាក្រុមកាំភ្លើងធំ មិនគួរព្យាយាមចុះហត្ថលេខាលើ Lacazette រហូតដល់កិច្ចព្រមព្រៀងថ្មីនោះទេ ហើយក្លិបគួរតែរកខ្សែប្រយុទ្ធថ្មីជំនួស មុនពេលអនុញ្ញាតឱ្យគាត់ចាកចេញ»។
ទន្ទឹមនឹងនេះ Lacazette បានបង្ហើបថា ភ្នាក់ងាររបស់គាត់កំពុងស្វែងរកការចាកចេញផងដែរ ប៉ុន្តែបានទទូចថាគាត់នឹងរង់ចាំរហូតដល់ខែមករា មុនពេលធ្វើការសម្រេចចិត្តចុងក្រោយអំពីអនាគតរបស់គាត់។ Lacazette បានប្រាប់ Telefoot ថា «ពិតណាស់ ភ្នាក់ងាររបស់ខ្ញុំកំពុងចាប់ផ្តើមមើលឆ្វេង មើលស្តាំហើយ»៕