បន្ទាប់ពីយោបល់គាំទ្ររបស់លោក Arsene Wenger ក្នុងតួនាទីជាប្រធានផ្នែកអភិវឌ្ឍន៍បាល់ទាត់ពិភពលោក FIFA បានបញ្ជាក់ថា ពួកគេនឹងប្រើប្រាស់បច្ចេកវិទ្យាថ្មី ដែលនឹងរកឃើញបាល់ offsides ពាក់កណ្តាលស្វ័យប្រវត្តិ។
បច្ចេកវិទ្យានេះ នឹងត្រូវបានសាកល្បងនៅក្នុង Arab Cup នាពេលខាងមុខ ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ៣០ ខែវិច្ឆិកា នៅប្រទេសកាតា ដែលជាប្រទេសម្ចាស់ផ្ទះ World Cup ឆ្នាំ ២០២២។
លោក Johannes Holzmuller នាយកផ្នែកបច្ចេកវិទ្យា និងការច្នៃប្រឌិតបាល់ទាត់របស់ FIFA បានពន្យល់នៅក្នុងសេចក្តីថ្លែងការណ៍មួយ អំពីរបៀបដែលបច្ចេកវិទ្យានេះដំណើរការ ហើយនឹងត្រូវបានអនុវត្តចំពោះកីឡាបាល់ទាត់។
លោក Holzmuller បានបញ្ជាក់ថា «ទិន្នន័យតាមដានសកម្មភាព ដែលបានស្រង់ចេញពីវីដេអូនឹងត្រូវបានបញ្ជូនទៅបន្ទប់ប្រតិបត្តិការ ហើយខ្សែបន្ទាត់ក្រៅប្រព័ន្ធដែលបានគណនា និងចំណុចទាត់ដែលបានរកឃើញនឹងត្រូវបានផ្តល់ជូនដល់ប្រតិបត្តិករចាក់ឡើងវិញភ្លាមៗ ក្នុង VAR »។
ដោយឡែកលោក Pierluigi Collina នាយកអាជ្ញាកណ្តាលរបស់ FIFA បច្ចុប្បន្នបានធ្វើការជាច្រើនឆ្នាំ ដោយគ្មានជំនួយណាមួយនោះ បានបញ្ចេញមតិថាលោកមិនគាំទ្រទាំងស្រុងសម្រាប់បច្ចេកវិទ្យានេះនោះទេ។
លោក Collina បានរៀបរាប់លម្អិតថា «ទោះបច្ចេកវិទ្យាថ្ងៃនេះ អាចគូសបន្ទាត់បាន ប៉ុន្តែការវាយតម្លៃ និងសម្រេចចិត្តគឺនៅតែស្ថិតក្នុងដៃរបស់អាជ្ញាកណ្តាលដដែល»។
ទោះជាយ៉ាងណាក្តី កាមេរ៉ាទូរទស្សន៍ដែលពាក់ព័ន្ធនឹង VAR នៅមិនទាន់មានភាពត្រឹមត្រូវគ្រប់គ្រាន់នៅឡើយទេ ដោយមិនទាន់កំណត់ច្បាស់ថា ពេលណាបាល់បានចេញពីជើងកីឡាករទាំងស្រុង ហើយរឿងនេះតែងតែធ្វើឱ្យមានការសង្ស័យថា តើប្រព័ន្ធមួយអាចកំណត់បាល់ offsides ដោយស្វ័យប្រវត្តិដែរ ឬទេ។
ទោះបីជាយ៉ាងណាក៏ដោយ វាហាក់ដូចជា FIFA មានទំនុកចិត្តបំផុតថាបច្ចេកវិទ្យាថ្មីនេះ ថាមានភាពសុក្រឹតជាងមុន ហេតុនេះហើយ បានជាពួកគេប្រញាប់ប្រញាល់សាកល្បងវានៅក្នុង Arab Cup ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។
យ៉ាងណាមិញ មកទល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់ថា តើប្រព័ន្ធនេះនឹងត្រូវបានណែនាំសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ ឬអត់នោះទេ៕