Barcelona គឺជាផ្ទះយ៉ាងកក់ក្តៅសម្រាប់ Dani Alves។ ខ្សែការពារស្តាំវ័យ ៣៨ឆ្នាំរូបនេះ ត្រូវបានក្លឹបកាតាឡាននាំត្រលប់មកវិញដោយគ្មានតម្លៃខ្លួន ហើយត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាលើកដំបូងសម្រាប់ពួកគេនៅ ខែមករា ឆ្នាំក្រោយ។
Alves ថ្មីៗនេះបាននិយាយអំពីការវិលត្រឡប់របស់គាត់ទៅកាន់ក្លឹប Barcelona វិញ។ ជាមួយនឹងក្លឹបស្ថិតក្នុងស្ថានភាពលំបាកនៅពេលនេះ កីឡាករថ្មីរបស់ Barca បានប្តេជ្ញាថានឹងផ្តល់អ្វីគ្រប់យ៉ាងទាំងអស់របស់គាត់សម្រាប់ក្លឹប។
Dani Alves បាននិយាយថា៖ «ខ្ញុំបានធ្វើការយ៉ាងលំបាកពេញមួយជីវិតរបស់ខ្ញុំ ហើយឥឡូវនេះខ្ញុំនៅទីនេះដើម្បីជួយ Barcelona ឲ្យរីកចម្រើន។ វាជាការប្រកួតប្រជែងមិនគួរឱ្យជឿ ហើយខ្ញុំចាប់អារម្មណ៍នឹងវា។ ពេលប្រយុទ្ធ និងការពារ នៅពេលដែលខ្ញុំពាក់អាវនេះ ខ្ញុំមានអារម្មណ៍ដូចជា វីរបុរស»។
Alves មានអារម្មណ៍ថាវាជារឿងជៀសមិនរួច ដែលថ្ងៃណាមួយគាត់នឹងត្រលប់ទៅ Barcelona។ គាត់បានបន្តថា៖ «ខ្ញុំនឹងព្យាយាមជួយសង្គ្រោះ Barca ដែលយើងទាំងអស់គ្នាស្រលាញ់ខ្លាំង។ គ្មានកំហុសអ្វីទាំងអស់។ ខ្ញុំនៅតែមានផ្ទះនៅទីនេះ។ ហើយមួយផ្នែកនៃគ្រួសារខ្ញុំរស់នៅទីនេះ វាជៀសមិនរួចដែលខ្ញុំត្រឡប់មកវិញ»៕