Gareth Southgate បញ្ជាក់​ពី​មូលហេតុ​ដែល​ប្ដូរ Harry Kane ចេញ ដោយ​និយាយ​បែប​លេងសើច​ថា​…! (​មាន​វី​ដេ​អូ​)

0

លោក Gareth Southgate គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អង់គ្លេស បាន​និយាយ​បែប​លេងសើច​ថា លោក​សម្រេចចិត្ត​ប្ដូរ ប្រធាន​ក្រុម Harry Kane ចេញពី​ការ​ប្រកួត​ទល់​នឹង San Marino គឺ​ដោយសារ​ខ្លាច​គ្រួសារ​របស់​អតីត​ខ្សែប្រយុទ្ធ Wayne Rooney ហៅ​ទូរស័ព្ទ​មក​ស្ដី​ឲ្យ​លោក​។

គួរ​រំលឹក​ថា កាលពី​យប់​ថ្ងៃ​ទី ១៦​ខែវិច្ឆិកា​កន្លង​ទៅ​នេះ អង់គ្លេស​បាន​យកឈ្នះ​ក្រុម​ជម្រើសជាតិ San Marino ដល់​ក្នុង​ដី​នូវ​លទ្ធផល ០ ទល់​នឹង​១០ ដែល​ធ្វើ​ឲ្យ​តោ​កំណាច​អង់គ្លេស​បាន​ឡើង​ទៅ​លេង​នៅ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​២០២២ នា​ឯ​ប្រទេស​កា​តា ដោយ​ស្វ័យប្រវត្ត​។

១០​គ្រាប់​ដែល​ស៊ុត​គឺ​មាន ខ្សែការពារ Harry Maguire ១​គ្រាប់​, Filippo Fabbri ស៊ុត​ចូល​ទី​ខ្លួនឯង​១​គ្រាប់​, Harry Kane ដាក់​៤​គ្រាប់​ម្នាក់ឯង​, Emile Smith Rowe ១​គ្រាប់​, Tyron Mings ១​គ្រាប់​,Tammy Abraham ១ គ្រាប់ និង Bukayo Saka ១​គ្រាប់​ផង​ដែរ​។

ដោយឡែក ក្នុង​ការ​ប្រកួត​នេះ​គេ​សង្កេត​ឃើញ​ថា Southgate បាន​ប្ដូរ Harry Kane ដែល​រកបាន​ដល់​ទៅ ៤​គ្រាប់​ឲ្យ​ចេញពី​ការ​ប្រកួត​នៅ​នាទី​ទី ៦៣ ដោយ​ដាក់​ខ្សែការពារ Reece James ជំនួស​។

គិត​មក​ទល់​ពេល​នេះ Harry Kane រកបាន ៤៨​គ្រាប់​ហើយ​សម្រាប់​ក្រុម​ជម្រើសជាតិ​អង់គ្លេស ដែល​វា​ស្មើនឹង​កំណត់​ត្រា​របស់​លោក Gary Lineker ក្នុង​នាម​ជា​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​ឲ្យ​ជម្រើសជាតិ​អង់គ្លេស​បាន​ច្រើន​ជាងគេ​លំដាប់​ទី​៣​។ ដោយឡែក​អតីត​ខ្សែប្រយុទ្ធ Wayne Rooney គឺជា​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​ឲ្យ​អង់គ្លេស​បាន​ច្រើន​ជាងគេ​បង្អស់​ទើប​លោក Southgate ខ្លាច​ថាបើ​បន្ត​ដាក់ Kane ឲ្យ​បន្ត​ចូល​លេង​ទៀត​គឺ​គេ​អាច​តាម​ស្មើ​កំណត់​ត្រា ៥៣​គ្រាប់​របស់ Rooney ក៏​ថា​បាន​។

ថ្លែងប្រាប់ ITV លោក Southgate បាន​និយាយ​ថា​៖ «​បើសិន​ពួក​យើង​ទុក​ឲ្យ​គេ​លេង​តែ​កន្លះ​ម៉ោង​ទៀត គឺ​ក្រុម​គ្រួសារ​របស់ Wayne Rooney អាច​នឹង​ហៅ​ទូរស័ព្ទ​មក​កាន់​ពួក​យើង​»៕

សូម​ទស្សនា​វី​ដេ​អូ​ខាងក្រោម​៖

https://www.youtube.com/watch?v=XkBBNodvEUI