ប្រធានក្លឹប Tottenham Hotspur លោក Daniel Levy ត្រូវបានគេរាយការណ៍ថាបានចាប់អារម្មណ៏ចង់នាំយក Eden Hazard ត្រលប់មកលីគ Premier League វិញនៅពេលខាងមុខផងដែរ បន្ទាប់ពីខាងក្លឹប Real Madrid បើកភ្លើងខៀវលើការចរចានៅតម្លៃទាប អាចក្រោម ៥០ លានផោន។
ទោះជាយ៉ាងណា គ្រប់យ៉ាងហាក់មិនអាចសម្រេចទៅបានទេ ដោយសារតែការបដិសេធពីអ្នកចាត់ការថ្មីលោក Antonio Conte ដោយយល់ឃើញថាក្លឹប Tottenham Hotspur មិនគួរនាំយកកីឡាករបែលហ្សិករូបនេះ មកចូលរួមទេ នៅទីផ្សារដោះដូរខាងមុខ ក្លឹបគួរតែទៅចរចាយក Gareth Bale វិញ។
តាមការចុះផ្សាយរបស់សារព័ត៌មាន El Chiringuito បានឲ្យដឹងថា ក៏ដោយសារ Conte លោកធ្លាប់មានបទពិសោធន៍ដឹកនាំក្លឹប Chelsea ហើយក៏ឆ្លងកាត់ពេលវេលាបង្វឹក Hazard មួយរយៈពេលផងដែរ ដូច្នេះលោកដឹងពីចំណុចខ្វះខាតរបស់គេ ដោយយល់ឃើញថា Hazard ជាកីឡាកររាងស្ទើរល្បឿន ហើយមិនមែនមនុស្សដែលមានការខិតខំប្រឹងប្រែងខ្ពស់ឡើយ ហើយជាការពិតណាស់ Bale ទើបសក្តិសមបំផុត។
ជាក់ស្ដែង បើទោះបី Conte ចង់បានខ្សែប្រយុទ្ធសញ្ជាតិវែល ក៏មិនអាចយកបាន Free Free នោះដែរ ព្រោះរូបគេនៅជាប់កុងត្រា រហូតដល់ចុង ខែមិថុនា ឆ្នាំ ២០២២។ ប្រសិនចង់ចរចាសម្រេចការយក ត្រឹមរដូវរងាខាងមុខនោះ ក៏ត្រូវចាយខ្ទង់ជាង ១០ លានផោនអីដែរ ហើយគួបផ្សំនឹងកីឡាករផ្ទាល់ ព្រមសម្រេចចិត្តវិលមកក្លឹប Spurs ជាលើកទី ៣ ផង៕