លោក Ole Gunnar Solskjaer បានប្រដូចឥទ្ធិពលរបស់ Cristiano Ronaldo នៅ Manchester United ទៅនឹងវីរបុរសបាល់បោះពិភពលោក Michael Jordan សម្រាប់ Chicago Bulls។
Ronaldo បានរកគ្រាប់បាល់ពីរគ្រាប់ឱ្យ Man Utd តាមស្មើ Atalanta ក្នុងការប្រកួតនៅ UEFA Champions League ដែលបានធានាតំណែងកំពូលតារាងសម្រាប់ក្រុមបិសាចក្រហម និងសម្រាលសម្ពាធរបស់លោក Solskjaer បានមួយកម្រិត។
សម្រាប់ ៥គ្រាប់ចុងក្រោយដែល Ronaldo រកបានសម្រាប់ក្រុមបិសាចក្រហម ជាគ្រាប់ដែលនាំមកជ័យជម្នះ និងតាមស្មើយកបាន១ពិន្ទុពីការប្រកួត ហើយក្នុងចំណោមគ្រាប់បាល់ទាំងនោះ មាន៤គ្រាប់គេរកបាននៅ Champions League។
លោក Solskjaer និយាយថា៖ «យើងទាំងអស់គ្នាមានតួនាទី និងការទទួលខុសត្រូវជាច្រើន។ Cristiano គឺជាអ្នកដឹកនាំនៅក្នុងក្រុម ប៉ុន្ដែនេះជាអ្វីដែលគេធ្វើគឺការរកគ្រាប់បាល់»។
«ខ្ញុំប្រាកដថា Chicago Bulls មិនមានក្ដីបារម្ភទេ ព្រោះពួកគេមាន Michael Jordan ផងដែរ។ ពេលខ្លះក្រុមមានកីឡាករដែលពួកគេមាន ដូចទៅនឹងកីឡាករដែល Chicago Bulls មានដែរ»។
«Cristiano កាន់តែល្អទៅៗសម្រាប់យើង គេមានអារម្មណ៍ល្អប្រសើរ។ គេមិនមានការចាប់ផ្ដើមមុនបើករដូវកាលល្អទេ ពេលនេះគេកាន់តែល្អទៅៗហើយ គេកំពុងមានកម្រិតសមត្ថភាពខ្ពស់នៅពេលនេះ»៕