អ្នកចាត់ការរបស់ Liverpool លោក Jurgen Klopp បានជ្រើសរើសយកអ្នកចាត់ការ Manchester City លោក Pep Guardiola ជាអ្នកចាត់ការល្អបំផុតក្នុងពិភពលោក។ គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះបានថ្លែងទៅកាន់ Sky Sports មុនការប្រកួត Premier League របស់ Liverpool ទល់នឹង Brighton នៅចុងសប្តាហ៍នេះ។
Klopp ត្រូវបានគេសួរថា តើគាត់គិតថាគាត់ជាអ្នកចាត់ការល្អបំផុតក្នុងលោក ឬអត់ ភ្លាមៗនោះគាត់បានឆ្លើយថា៖ «ទេ មិនមែនខ្ញុំទេ។ ខ្ញុំដឹងសមត្ថភាពរបស់ខ្ញុំ ខ្ញុំដឹងពីបញ្ហារបស់ខ្ញុំ»។
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះបានបន្ថែមថា៖ «ខ្ញុំចូលចិត្តលេងបាល់ទាត់ពេញមួយជីវិតរបស់ខ្ញុំ ដោយសារតែខ្ញុំចូលចិត្តបញ្ជាមិត្តរួមក្រុម និងជួយពួកគេផងដែរ។ ខ្ញុំគ្រាន់តែបន្តធ្វើបែបនេះ នៅពេលដែលខ្ញុំក្លាយជាអ្នកគ្រប់គ្រង។ ខ្ញុំប្រើគ្រូបង្វឹករបស់ខ្ញុំ ប៉ុន្តែខ្ញុំជួយពួកគេផងដែរ ហើយយើងធ្វើការរួមគ្នាក្នុងពេលបង្វឹក។ ខ្ញុំមិនដែលចាប់អារម្មណ៍ក្នុងការធ្វើជាគ្រូបង្វឹកដ៏ល្អបំផុតក្នុងពិភពលោកនោះទេ»។
Klopp ត្រូវបានគេសួរថា តើអ្នកណាដែលគាត់គិតថាជាគ្រូបង្វឹកល្អបំផុតក្នុងពិភពលោក។ អ្នកចាត់ការ Liverpool បានឆ្លើយភ្លាមៗថា អ្នកចាត់ការ Manchester City លោក Pep Guardiola។ ហង្សក្រហម និងមេឃខៀវ បានគ្រប់គ្រងពានរង្វាន់ក្របខ័ណ្ឌ Premier League ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបានបង្កើតឲ្យមានការប្រកួតប្រជែងគ្នារវាងអ្នកចាត់ការទាំងពីរ។
យ៉ាងណាមិញ Klopp ជឿជាក់ថា Guardiola ជាអ្នកចាត់ការល្អបំផុតក្នុងលោក គាត់បានពន្យល់ថា៖ «សម្រាប់ខ្ញុំ អ្នកចាត់ការល្អបំផុតក្នុងពិភពលោក គឺលោក Pep Guardiola ។ ប៉ុន្តែសូម្បីតែខ្ញុំក៏មិនដឹងថាតើវាជាការពិតដែរឬអត់។ យើងពិតជាពិបាកលេងទល់នឹងគាត់»។
បញ្ជាក់ផងដែរថា Liverpool បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ២ ក្នុងក្របខណ្ឌ Premier League តាមពីក្រោយក្រុមតោខៀវ Chelsea ចំនួន ១ពិន្ទុ៕
សូមទស្សនាវីដេអូខាងក្រោម៖