បន្ទាប់ពីមានសេចក្តីរាយការណ៍ថា Xavi Hernandez មកជំនួសតំណែង Ronald Koeman ក្នុងក្រុម Barcelona ក្លិប Al Sadd បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីសង្កត់ធ្ងន់ថាគ្រូបង្វឹករបស់ពួកគេមានកិច្ចសន្យារយៈពេល ២ ឆ្នាំទៀតជាមួយក្រុមកាតា។
Al Sadd បច្ចុប្បន្នកំពុងឈរនៅកំពូលតារាង Qatar Stars League ហើយបានឈ្នះរាល់ការប្រកួតចំនួន 7 លើករបស់ពួកគេមកទល់ពេលនេះនៅរដូវកាលនេះ ខណៈដែលនៅថ្ងៃសៅរ៍ ពួកគេនឹងជួបក្រុមលេខ៨ Al Ahli Doha នៅលើទឹកដីខ្លួនឯង។
ក្លិប Al Sadd បានធ្វើការបញ្ជាក់នៅលើ Twitter ថា៖ «ជាការឆ្លើយតបទៅនឹងអ្វីដែលកំពុងផ្សព្វផ្សាយនាពេលថ្មីៗនេះ អ្នកគ្រប់គ្រងរបស់ Al Sadd បញ្ជាក់សារជាថ្មីថា Xavi មានកិច្ចសន្យារយៈពេល ២ ឆ្នាំជាមួយក្លឹប ហើយផ្តោតទាំងស្រុងលើការប្រកួតនាពេលខាងមុខរបស់ក្រុម ដើម្បីរក្សាការនាំមុខរបស់យើងនៅលើកំពូលនៃលីក និងការពារជើងឯក»។
បញ្ជាក់ថាក្នុងសុន្ទរកថាចុងក្រោយ ក្នុងអំឡុងពេលសន្និសីទកាសែតមុនការប្រកួត ដែលបានលើកឡើងខាងលើ Xavi មិនបានធ្វើការអត្ថាធិប្បាយលើរបាយការណ៍ អំពីអនាគតរបស់គាត់នោះទេ។ Xavi បាននិយាយថា៖ «ខ្ញុំផ្តោតយ៉ាងខ្លាំងលើការងាររបស់ខ្ញុំជាមួយ Al Sadd ហើយខ្ញុំមិនចង់និយាយអំពីអ្វីផ្សេងទៀតទេ»៕