Neymar បានឃ្លាតឆ្ងាយពីការប្រៀបធៀបជាមួយវីរបុរសប្រេស៊ីល Pele សូម្បីតែគាត់ខិតទៅជិតការស៊ុតបញ្ចូលទីកំណត់ត្រារបស់អតីតកីឡាករវ័យ ៨១ ឆ្នាំសម្រាប់ក្រុមជម្រើសជាតិ។ ខ្សែបម្រើស្លាបរូបនេះត្រូវការគ្រាប់បាល់ចំនួនប្រាំពីរគ្រាប់បន្ថែមទៀត ដើម្បីបំបែកកំណត់ត្រារបស់ Pele ដែលរកបាន ៧៧ គ្រាប់សម្រាប់ប្រេស៊ីល។
Neymar រកបាន ៧០ គ្រាប់ក្នុងការបង្ហាញខ្លួន ១១៥ ប្រកួតសម្រាប់ជម្រើសជាតិប្រេស៊ីល ។ កីឡាករវ័យ ២៩ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន ៦ គ្រាប់សម្រាប់ប្រេស៊ីលក្នុងឆ្នាំនេះ រួមទាំងពីរគ្រាប់នៅ Copa America ២០២១ ដែលប្រេស៊ីល ចាញ់អាហ្សង់ទីនក្នុងវគ្គផ្តាច់ព្រ័ត្រ។
Neymar បាននិយាយថា៖ «ខ្ញុំគិតថានេះគឺជារឿងមួយដែលខ្ញុំចង់សម្រេចបាន ព្រោះវាសម្រាប់ប្រទេសរបស់ខ្ញុំ ក្រុមជម្រើសជាតិដែលខ្ញុំលេង និងសម្រាប់ប្រទេសដែលខ្ញុំកើត។ ខ្ញុំជឿថាកីឡាករគ្រប់រូបនៅពេលពួកគេហៀបនឹងឈានដល់អ្វីមួយ ពួកគេនឹងមានការលើកទឹកចិត្តកាន់តែខ្លាំងឡើង»។
Neymar បានបន្តថា «ខ្ញុំមិនហ៊ានគិតថាខ្ញុំប្រសើរជាង Pele ឬប្រៀបធៀបខ្លួនឯងទៅនឹងគាត់ ។ ខ្ញុំមានឱកាសច្រើន ដើម្បីវ៉ាដាច់កំណត់ត្រាគ្រាប់បាល់របស់ Pele ប៉ុន្តែការគោរពរបស់ខ្ញុំចំពោះគាត់គឺធំជាង ហើយខ្ញុំប្រាកដណាស់ថានៅពេលដែលខ្ញុំស៊ុតបញ្ចូលទីគ្រាប់ទី ៧៧ នោះ ខ្ញុំនឹងគោរពគាត់»។
ដូចអ្វីដែលកំពុងកើតឡើង Pele គឺជាអ្នកស៊ុតបញ្ចូលច្រើនជាងគេសម្រាប់ប្រេស៊ីល ជាមួយនឹងចំនួនដ៏គួរឱ្យចាប់អារម្មណ៍គឺ ៧៧ គ្រាប់ និង assists ៣១ដងក្នុងការបង្ហាញខ្លួនចំនួន ៩១ ប្រកួត។ អតីតខ្សែប្រយុទ្ធ Santos ចូលរួមក្រុមជម្រើសជាតិប្រេស៊ីលចន្លោះឆ្នាំ ១៩៥៧-១៩៧៧ ដោយបានឈ្នះពានរង្វាន់ FIFA World Cup ចំនួនបីដង រួមជាមួយនឹងកិត្តិយសផ្សេងៗទៀត។
ទន្ទឹមនឹងនោះ Neymar បានបង្ហាញខ្លួនជាលើកដំបូងឱ្យប្រេស៊ីលនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១០។ ក្នុងការបង្ហាញខ្លួនចំនួន ១១៥ដងមកទល់ពេលនេះ ខ្សែប្រយុទ្ធរូបនេះបានស៊ុតបញ្ចូលទីបាន ៧០ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីបាន ៥១ ដងសម្រាប់ក្រុមជម្រើសជាតិ។ គាត់នឹងមានឱកាសរកគ្រាប់បាល់បន្ថែមទៀតលើចំនួនសរុបនោះ នៅពេលដែលប្រេស៊ីល បន្តយុទ្ធនាការរបស់ពួកគេក្នុងវគ្គជម្រុះ FIFA World Cup ២០២២ ដែលនឹងបន្តនៅខែក្រោយ៕
សូមទស្សនាវីដេអូខាងក្រោម៖