ជាការពិតណាស់ Vinicius Junior ស្ថិតនៅក្នុងចំណោមកីឡាករលេចធ្លោបំផុត ក្នុងជំនួប El Clasico រវាង Barcelona និង Real Madrid កាលពីថ្ងៃអាទិត្យនៅកីឡដ្ឋាន Camp Nou ប៉ុន្ដែកាលពីថ្មីៗនេះ មានដំណឹងលេចលឺថា ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ ធ្លាប់មានបំណងចង់ផ្ទេរមកកាន់ Barcelona មុនមក Los Blancos។
អតីតភ្នាក់ងារឃ្លាំមើលកីឡាកររបស់ក្លិប Barcelona នៅប្រទេសប្រេស៊ីល លោក Andre Cury បានទម្លាយឱ្យដឹងថា ខ្សែប្រយុទ្ធវ័យក្មេងល្បឿនលឿន និងប្តូរចង្កេះរូបនេះ គឺជា Fan ផ្កាប់មុខនិងធ្លាប់កៀកនឹងផ្ទេរមកកាន់ក្លិបអ្នកមានបុណ្យ ដែលមានមូលដ្ឋាននៅតំបន់ស្វ័យតកាតាឡូញ៉ា។
លោក Cury បាននិយាយថា៖ “Vinicius គឺជា Cule(ឈ្មោះសម្រាប់ហៅអ្នកគាំទ្រ Barca) ម្នាក់ គេយំនៅពេលដែល Barcelona វាយបកយកឈ្នះ PSG នៅពេលពួកគេឈ្នះការប្រកួត ៦-១”។
“គេបានត្រៀមខ្លួនក្នុងការផ្ទេរមក Barcelona ផងដែរ។ ភ្នាក់ងារពីរនាក់របស់គេជាមិត្តជិតស្និទ្ធរបស់ខ្ញុំ។ ប៉ុន្ដែនៅនាទីចុងក្រោយ គឺវាផ្ទុយស្រឡះ។ ចាប់ពីឆ្នាំ២០១៧មក យើងមិននិយាយគ្នាទៀតឡើយ”៕