ក្លឹប Barcelona ត្រូវបានគេរាយការណ៍ថាត្រៀមខ្លួនរួចរាល់ ដើម្បីលក់ ឬដាក់កីឡាករ ២នាក់សម្រាប់ខ្ចីជើង ដែលមានដូចជា Samuel Umtiti និង Clement Lenglet នៅខែមករា ឬរដូវក្តៅខាងមុខនេះ ក្លឹបយក្សកាតាឡាន មានបំណងកាត់បន្ថយវិក័យប័ត្រប្រាក់ឈ្នួលរបស់ពួកគេបន្ថែមទៀត បើទោះបីជាបានបញ្ចេញកីឡាករ Antoine Griezmann និង Lionel Messi នៅរដូវក្តៅនេះក៏ដោយ។
យោងតាមសារព័ត៌មាន Sport បានអោយដឹងថាក្លឹប Barcelona អស់លទ្ធភាពក្នុងការរក្សារ Samuel Umtiti ។ កីឡាករវ័យ ២៧ឆ្នាំរូបនេះ បានបាត់បង់ការពេញចិត្តទាំងស្រុងនៅក្លឹបហើយមិនទាន់បង្ហាញខ្លួននៅរដូវកាលនេះនោះទេ។
ក្លឹប Barcelona ក៏បើកចំហចំពោះការលក់អតីតខ្សែការពាររបស់ក្លឹប Sevilla គឺកីឡាករ Clement Lenglet ផងដែរ។ កីឡាករវ័យ ២៦ ឆ្នាំរូបនេះទើបតែបង្ហាញខ្លួនបាន ៤ដងប៉ុណ្ណោះនៅ La Liga សម្រាប់រដូវកាលនេះ។
សម្រាប់ Samuel Umtiti ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការវិលត្រឡប់មកកាន់ Lyon វិញនៅរដូវក្តៅនេះ ខណៈដែល Clement Lenglet បានទាក់ទាញការចាប់អារម្មណ៍ពី Sevilla និង Everton របស់ក្របខ័ណ្ឌ Premier League៕