Riise ថា​ខ្សែប្រយុទ្ធ​ម្នាក់​នេះ សម​នឹង​ទម្រង់​លេង​របស់ Klopp

0

លោក John Arne Riise អតីត​ខ្សែការពារ​ក្រុម​ហង្ស​ក្រហម Liverpool គិត​ថា Erling Haaland គឺជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់​ដែល​ស័ក្តិសម​នឹង​ទម្រង់​លេង​របស់​លោក Jurgen Klopp ។ Riise រំពឹង​ទុក​ថា​មាន Haaland លេង​ឱ្យ Liverpool ហើយ​ជឿជាក់​ថា​ខ្សែប្រយុទ្ធ​ន័​រវេ​ស នឹង​រីករាយ​ជាមួយ​មនុស្ស​ដូច​ជា Klopp ។

អតីត​ខ្សែការពារ​រូប​នេះ បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន Goal ថា​៖ “ ខ្ញុំ​ពិតជា​ចង់​ឃើញ​គាត់​លេង​នៅ Liverpool ព្រោះ​គាត់​ជា​កីឡាករ​ដែល​អស្ចារ្យ​។ គាត់​មាន​ទម្រង់​លេង​ល្អ ហើយ​ខ្ញុំ​គិត​ថា​គាត់​សម​នឹង​ទម្រង់​លេង​របស់​លោក Jurgen Klopp ។ ខ្ញុំ​ក៏​គិត​ថា​គាត់​នឹង​ស្រឡាញ់ Liverpool ក្នុង​នាម​ជា​ក្លឹ​ប​មួយ​ដែរ​” ។

Riise ក៏​ជឿជាក់​ផង​ដែរ​ថា​ក្លឹ​ប​ណា​ដែល​ចុះហត្ថលេខា​លើ Haaland នឹង​ក្លាយជា​ក្រុម​ដែល​គួរ​ឱ្យ​ខ្លាច​។ នោះ​ហើយ​ជា​មូលហេតុ​ដែល​គាត់​ចង់ឱ្យ Liverpool ចុះហត្ថលេខា​លើ​កីឡាករ​វ័យ ២១ ឆ្នាំ​រូប​នេះ​ពី​ក្លឹ​ប Borussia Dortmund ។

បញ្ជាក់​ផង​ដែរ​ថា Erling Haaland នឹង​ក្លាយជា​កីឡាករ​ម្នាក់ ក្នុង​ចំណោម​កីឡាករ​ដែល​មាន​ក្លឹ​ប​ផ្សេង​ចង់បាន​ច្រើន​បំផុត​នៅ​រដូវក្តៅ​ខាង​មុខ​នេះ​។ កីឡាករ​វ័យ ២១ ឆ្នាំ​រូប​នេះ​មាន​តម្លៃ​ផ្តាច់​កុងត្រា ៧៥ លាន​ផោន​នៅ​ក្នុង​កិច្ចសន្យា​របស់​គាត់​ជាមួយ​ក្លឹ​ប Dortmund ដែល​នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរការ​នៅ​រដូវក្តៅ​ក្រោយ​។ ក្លិប​ផ្សេង​ៗ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ផ្លាស់​ប្តូរ​មួយ​សម្រាប់ Haaland រួម​មាន Manchester United, Liverpool, Chelsea និង Real Madrid៕