Paul Pogba ខ្សែបម្រើដែលមានបទពិសោធន៍ជោគជាំនៅក្នុងអាជីពជាកីឡាករបាល់ទាត់ ព្រោះគេធ្លាប់ប្រឡូកក្នុងទីលានប្រកួតធំៗជាមួយក្រុមកំពូលៗដូចជា Juventus និងក្រុមបច្ចុប្បន្ន Manchester United ជាដើម។
ថ្មីៗនេះ Pogba បានឲ្យដឹងថា មានកីឡាករមួយរូបដែលគេគិតថា ជាអ្នកបញ្ចប់ទីដ៏ល្អបំផុតដែលរូបគេធ្លាប់បានលេងជាមួយ នៅក្នុងអាជីពជាកីឡាករបាល់ទាត់ ខណៈតារាឆ្នើមរូបនោះគឺ Mason Greenwood។
ប្រាប់ទៅកាន់ Stadium Astro កីឡាករវ័យ ២៨ ឆ្នាំនិយាយ៖ “សម្រាប់ Mason ខ្ញុំគិតថា គេភាគច្រើនជំនាញជើងឆ្វេង ព្រោះជានិច្ចជាកាល គេតែងញាក់បាល់ដោយប្រើជើងខាងនោះ តែនៅពេលស៊ុតវិញ គេអាចស៊ុតដោយប្រើជើងទាំងសងខាង។ ការបញ្ចប់ទីរបស់គេ គឺហាក់មិនគួរឲ្យជឿ ហើយគេគឺជាអ្នកបញ្ចប់ទីដ៏ល្អបំផុតដែលខ្ញុំធ្លាប់ជួប និងធ្លាប់ហ្វឹកហាត់ជាមួយ”។
“គេគឺជាកីឡាករក្មេងល្ហក់ តែសមត្ថភាពវិញហួសថ្លែងតែម្ដង ហើយខ្ញុំរំពឹងថា គេនឹងអាចបន្តរកគ្រាប់បាល់បាន និងអាចជួយឲ្យក្រុមលើកពានជាហូរហែ។ គេនៅក្មេង មានសមត្ថភាពល្អ និងមានអនាគតដ៏ភ្លឺស្វាង ហើយខ្ញុំចង់បន្តជម្រុញគេឲ្យក្លាយជាកីឡាករកំពូលនាពេលអនាគត”។
Greenwood បានបង្ហាញខ្លួនគ្រប់ការប្រកួតនៅ Premier League រដូវកាលនេះ ដោយលេងពេញម៉ោងទាំងអស់ ហើយមិនត្រឹមតែប៉ុណ្ណោះ ខ្សែប្រយុទ្ធស្លាបស្ដាំវ័យ ១៩ ឆ្នាំរូបនេះ រកបាន ៣ គ្រាប់ពីការបង្ហាញខ្លួន ៣ ប្រកួតបើកឆាក PL ជួយឲ្យ United ទទួលបាន ៧ ពិន្ទុ ឈរលេខ ៣ បណ្ដោះអាសន្ន៕