បន្ទាប់​ពីរ​បួស​ជង្គង់​ជិត ១០​ខែ ពេលនេះខ្សែប្រយុទ្ធ​វ័យក្មេង​របស់ Barca បាន​ចូល​ហ្វឹកហាត់​វិញហើយ

0

ខ្សែប្រយុទ្ធ​វ័យក្មេង Ansu Fati បាន​សម្រេចការ​ហ្វឹកហាត់​បាន​ពេញលេញ ជាមួយ​មិត្ត​រួម​ក្រុម Barcelona កាលពី​ថ្ងៃ​អង្គារ បន្ទាប់​ពី​សម្រាក​ព្យាបាល​របួស​ជង្គង់​អស់​រយៈពេល​ជិត ១០​ខែ​។

Barcelona រំពឹង​ថា Fati នឹង​ត្រលប់​មក​បង្ហាញខ្លួន​លើ​ទីលាន​វិញ​បាន នៅ​ពាក់កណ្ដាល​ខែកញ្ញា​ខាង​មុខ​នេះ ពោល​គឺ​បន្ទាប់​ពី​សម្រាក​ប្រកួត​ជម្រើសជាតិ មាន​ន័យ​ថា​គឺ​ការ​ប្រកួត​ក្រៅ​ដី​ទល់​នឹង Sevilla​។

ការ​ត្រលប់​មក​វិញ​របស់ Fati កាន់តែ​ខិត​ជិត​ចូល​មក​ដល់ ខណៈ​រូបគេ​ហើយនឹង​ក្លិប ក៏​មិន​ប្រញាប់ប្រញាល់​ប៉ុន្មាន​ដែរ ដោយ​ត្រូវការ​ពេល​រង់ចាំ​រហូត​ដល់​គេ​ជា​សះស្បើយ​ពេញលេញ​ជា​ថ្មី​។

គួរ​រំលឹក​ថា កាលពីដើម​ខែសីហា​នេះ កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ វ័យ ១៨​ឆ្នាំ​រូប​នេះ បាន​ចាប់ផ្ដើម​ហ្វឹកហាត់​ដាច់​ដោយឡែក នៅ​លើ​ទីលាន​ក្នុង​ជំរុំ​ហ្វឹកហាត់​របស់ Barca ប៉ុន្ដែ​បច្ចុប្បន្ន​គេ​អាច​ចូលរួម​ជាមួយ​កីឡាករ​ដទៃ​ទៀត​សារ​ជា​ថ្មី​៕