អ្នកគាំទ្រ​ក្រុម​កាំភ្លើង​ធំ ខឹងសម្បា​ជា​ខ្លាំង ក្រោយ​ខ្សែបម្រើ​ម្នាក់ ធ្វើ​រឿង​មួយ​នេះ…​! (មានវីដេអូ)

0

កីឡាករ Willian ប្រឈម​នឹង​កំហឹង​របស់​អ្នកគាំទ្រ​ក្រុម កាំភ្លើង​ធំ Arsenal បន្ទាប់​ពី​ខ្សែបម្រើ​រូប​នេះ បាន​ចុច Like លើ​រូបភាព​អបអរ​ជ័យជម្នះ ដែល​ក្រុម​តោ​ខៀវ Chelsea បាន​បង្ហោះ​នៅ​លើ​គណនី​បណ្ដាញ​សង្គម​ផ្លូវការ ក្រោយ​ពួក​គេ​ទទួល​បាន​ជ័យជម្នះ​នៅ​ក្នុង​ទឹកដី Emirates ។

ជា​ការ​ពិត​ណាស់ ក្រុម​ម្ចាស់​ជើងឯក Champions League រដូវ​កាល​មុន Chelsea បាន​យកឈ្នះ​លើ​ក្រុម​លោក Mikel Arteta ក្នុង​លទ្ធផល ២ ទល់​នឹង ០ កាលពី​យប់​ថ្ងៃអាទិត្យ ដោយ ២​គ្រាប់​នោះ​រកបាន​ដោយ​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី Romelu Lukaku និង Reece James ។

សម្រាប់​ការ​ប្រកួត​យប់មិញ​នេះ ខ្សែបម្រើ​សញ្ជាតិ​ប្រេ​ស៊ី​លវ័យ ៣៣​ឆ្នាំ​រូប​នេះ មិន​បាន​ចូលរួម​នោះ​ទេ ដោយសារ​តែ​បាន​តេស្ដ​វិជ្ជមាន​កូ​វី​ដ​-១៩​។ ប៉ុន្ដែ​រូបគេ​បាន​ធ្វើ​សកម្មភាព​នៅ​លើ​បណ្ដាញ​សង្គម ដោយ​បាន​ចុច Like លើ​រូបភាព​អបអរ​ជ័យជម្នះ​របស់​អតីត​ក្រុម Chelsea ។

Willian ហាក់​ពុំ​ទាន់​បង្ហាញ​ទម្រង់​លេង​បាន​ល្អ គួរ​ឲ្យ​កត់សម្គាល់​ឡើយ ក្រោយ​ផ្ទេរ​មក​ពី​ក្រុម Chelsea កាលពី​រដូវក្ដៅ​ឆ្នាំ​២០២០ ហើយ​មាន​ដំណឹង​ថា រូបគេ​នឹង​អាច​ផ្ទេរ​ចេញ​ទឹកដី Emirates នៅ​មុន​ទីផ្សារ​ដោះ​ដូរ​កីឡាករ​នា​រដូវក្ដៅ​នេះ បិទ​បញ្ចប់​ផង​ដែរ​៕

សូមទស្សនាវីដេអូខាងក្រោម៖