ក្លឹបអធិរាជសរ Real Madrid បានប្រកាសនៅល្ងាចថ្ងៃសុក្រ ទី ២០ ខែសីហានេះ អំពីដំណឹងនៃការបន្តកុងត្រាថ្មីសម្រាប់ខ្សែប្ប្រយុទ្ធសញ្ជាតិបារាំង Karim Benzema ដែលបន្ថែមពីលើកុងត្រាចាស់រយៈពេល ១រដូវកាលទៀត។
តាមពិតទៅសុពលភាពកុងត្រាចាស់របស់កីឡាកររូបនេះ នឹងត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២២ តែក្លឹបបានសម្រេចបន្តថ្មីដល់ឆ្នាំ ២០២៣ ដែលនឹងនាំឲ្យ Benzema យ៉ាងហោចណាស់ឈរជើងនៅក្លឹបអធិរាជស ដល់អាយុ ៣៥ ឆ្នាំ។
កីឡាករបារាំងរូបនេះ កាន់តែជាវត្តមានដ៏សំខាន់ ដែលក្លឹបខ្វះពុំបាន ជាពិសេសក្រោយការចាកចេញរបស់ Cristiano Ronaldo ហើយមានតែ Benzema ម្នាក់គត់ជាម៉ាស៊ីនរកគ្រាប់បាល់ដែលច្បាស់លាស់ អាចធានាការរកគ្រាប់បាល់ទៀងទាត់នៅរដូវកាលនីមួយៗ។ ជាក់ស្តែងដូចប្រកួតបើកឆាក ទល់នឹង Alaves កន្លងទៅ រូបគេក៏រកបាន ២គ្រាប់ម្នាក់ឯងផងដែរ។
បញ្ជាក់ផងដែរថា Benzema បានផ្ទេរចេញពី Lyon មកចូលរួមនៅ Real Madrid កំឡុងរដូវក្តៅ ឆ្នាំ ២០០៩ ជាមួយនឹងតម្លៃផ្ទេរ ៣៥ លានអឺរ៉ូ។ ក្រោយឈរជើងរយៈពេលជាង ១១ឆ្នាំ គេបង្ហាញខ្លួនសរុប ៣៨៤ ប្រកួត និងរកបាន ១៩៤គ្រាប់ឲ្យក្លឹប៕