កីឡាករ Raphael Varane នឹងមិនមានវត្តមានក្នុងការប្រកួតបើកឆាកនៅ Premier League សម្រាប់ Manchester United ទល់នឹង Leeds United នាថ្ងៃសៅរ៍នេះទេ ដោយសារការផ្ទេររបស់គេមិនទាន់សម្រេច ១០០ភាគរយនៅឡើយ។
ក្លិបបិសាចក្រហមបានឈានដល់ការព្រមព្រៀងជាមួយ Real Madrid ក្នុងការផ្ទេរ Varane មកកាន់ទឹកដី Old Trafford កាលពីថ្ងៃទី២៧ ខែកក្កដាកន្លងទៅ ប៉ុន្ដែពុំទាន់មានការប្រកាសជាផ្លូវការពីការចូលរួមរបស់គេនៅឡើយ។
ខ្សែការពារកណ្ដាលបារាំងវ័យ ២៨ឆ្នាំរូបនេះ កំពុងរស់នៅទីក្រុងមែនឆេស្ទ័រ ប៉ុន្ដែគេមិនអាចចូលរួមជាមួយកីឡាករ Man Utd ដទៃទៀត សម្រាប់ការប្រកួតនៅយប់នេះឡើយ ដោយសារតែមិនអាចចុះឈ្មោះទាន់តាមកាលបរិច្ឆេទ ដែលលីគអង់គ្លេសបានកំណត់ ដោយសារគេត្រូវគោរពតាមច្បាប់ចត្តាឡីស័ក ពេលមកដល់អង់គ្លេសជាមុនសិន។
តាមច្បាប់របស់រដ្ឋាភិបាលចក្រភពអង់គ្លេស បានកំណត់ឱ្យអ្នកដែលបានឆ្លងប្រទេស ត្រូវធ្វើចត្តាឡីស័កជាមុនសិន ដូច្នេះ Varane ត្រូវរង់ចាំមួយរយៈដ៏ខ្លីទៀត ដើម្បីអាចចុះឈ្មោះជាកីឡាកររបស់ Man Utd៕