ប្រធានក្លឹប Paris Saint-Germain លោក Nasser Al-Khelaifi បានច្រានចោលនូវរបាយការណ៍ ដែលថាក្រុមរបស់លោកបានរំលោភលើច្បាប់របស់ Financial Fair Play បន្ទាប់ពីបិទបញ្ចប់ការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រសម្រាប់ Lionel Messi ។ កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ បានចូលរួមជាមួយក្លឹបយក្សបារាំង ក្នុងកិច្ចព្រមព្រៀងរយៈពេល ២ឆ្នាំ ខណៈដែល PSG បានបង្កើនការចរចាភ្លាមៗ បន្ទាប់ពីសន្និសីទ្ធសារព័ត៌មានលាគ្នារបស់ក្រុម Barcelona ។
នៅពេលសួរថាតើ PSG នឹងត្រូវត្រួតពិនិត្យដោយស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ ចំពោះការរំលោភបំពានបទបញ្ជារបស់ Financial Fair Play ឬយ៉ាងណា លោក Al-Khelaifi បានឆ្លើយតបជាមួយនឹងសេចក្តីថ្លែងការណ៍ដ៏សំខាន់មួយស្តីពីហិរញ្ញវត្ថុរបស់ក្លឹបយ៉ាងដូច្នេះថា៖
“ខ្ញុំកំពុងរង់ចាំសំនួរនេះ។ យើងតែងតែគោរពតាម Financial Fair Play ។ យើងបានពិនិត្យជាមួយអ្នកហិរញ្ញវត្ថុរបស់យើង ហើយដឹងថាយើងអាចចុះហត្ថលេខាជាមួយគាត់បាន។ អ្វីដែលប្រព័ន្ធផ្សព្វផ្សាយត្រូវផ្តោត មិនត្រឹមតែផលអវិជ្ជមានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផលវិជ្ជមានដែលគាត់នឹងនាំមក ។ ”
បន្ទាប់មកលោក Al-Khelaifi បាននិយាយបែបកំប្លុកកំប្លែងថា“ ខ្ញុំសង្ឃឹមថា Lionel Messi នឹងមិនសុំប្រាក់ខែបន្ថែមទៀតនោះទេ” ៕