ប្រធានផ្នែកកីឡារបស់ក្លិបសេះបង្កង់ Juventus លោក Fabio Paratici នឹងចាកចេញពីក្លិប បន្ទាប់ពីបំពេញការងារអស់រយៈពេលជាង ១ទសវត្សរ៍ ជាមួយក្លិបអតីតម្ចាស់ពានរង្វាន់ជើងឯករបស់អ៉ីតាលីមួយនេះ នៅពេលដែលកុងត្រារបស់លោកផុតកំណត់នៅខែក្រោយ។
អតីតកីឡាករបាល់ទាត់អ៊ីតាលីវ័យ ៤៨ឆ្នាំរូបនេះដែលបានចូលរួមជាមួយសេះបង្កង់ ក្នុងឆ្នាំ២០១០ បន្ទាប់ពីចេញពីក្លិប Sampdoria នោះ បានបំពេញតួនាទីជាច្រើន នៅក្នុងក្លិបមួយនេះ ក្នុងនោះរួមទាំងប្រធានផ្នែកកីឡា និងប្រធានមន្ត្រីបាល់ទាត់ផងដែរ ហើយបានបញ្ចប់ជាមួយនឹងលទ្ធផលផ្លែផ្កា ក្រោយបំពេញតួនាទីអស់រយៈពេល ១១ឆ្នាំ ខណៈក្លិបនេះបានឈ្នះពានរង្វាន់ Serie A ៩ដងជាប់គ្នាចាប់តាំងពីរដូវកាល ២០១១-២០១២ ដល់រដូវកាល ២០១៩-២០២០៕