Hazard ចង់​ត្រឡប់​ទៅ​ក្លិប​ចាស់​វិញ ​ក្រោយ​មានការ​រិះគន់​មិន​ចេះ​ចប់​

0

ខ្សែប្រយុទ្ធ Eden Hazard ត្រូវ​បាន​គេ​រាយការណ៍​ថា​ចង់​ចាក​ចេញពី​ក្លិប​អធិរាជ​ស Real Madrid នៅ​រដូវក្ដៅ​ខាង​មុខ​នេះ​ដោយ​ប៉ង​ចង់​ត្រឡប់​ទៅ​លេង​នៅ​ក្លិប​តោ​ខៀវ Chelsea វិញ​។

ខ្សែប្រយុទ្ធ​ប៊ែ​ល​ហ្ស៊ិ​ក​វ័យ ៣០​ឆ្នាំ​រូប​នេះ បាន​ផ្ទេរ​ពី Chelsea មក​កាន់ Real Madrid នៅ​ឆ្នាំ​២០១៩ ក្នុង​តម្លៃ​ខ្លួន ១៣០​លាន​ផោន (​ស្មើនឹង​ប្រមាណ​១៨៣.៦​លាន​ដុល្លារ​អា​មេ​រិ​ក​) ប៉ុន្តែ​រូបគេ​ហាក់​មិនសូវ​កាប់​កប​នៅ​ទី​នេះ​ប៉ុន្មាន​ទេ ព្រោះ​រង​របួស​ញឹកញាប់​ពេក ដោយ​បាន​បង្ហាញខ្លួន​តែ​១០​ប្រកួត​ប៉ុណ្ណោះ​នៅ​ក្រប​ខណ្ឌ La Liga និង​៣​ប្រកួត​នៅ Champions League ផង​ដែរ​។

Hazard ក៏​ត្រូវ​ទទួល​រង​ការ​រិះគន់​ពី​សំណាក់​អ្នកគាំទ្រ​យ៉ាង​ចាស់ដៃ​ក្រោយ​គេ​សើច​សប្បាយ​ជាមួយ​អតីត​មិត្ត​រួម​ក្រុម Chelsea ក្រោយ​ក្លិប​ចាស់​របស់​គេ​បាន​ទម្លាក់ Real Madrid ចេញពី​ពាន Champions League ត្រឹម​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ទើប​គេ​ត្រូវ​បង្ខំចិត្ត​ធ្វើការ​សុំ​ទោស​។