អតីតខ្សែការពាររបស់ក្លិបបិសាចក្រហម Manchester United គឺ Chris Smalling និងក្រុមគ្រួសារបានជួបប្រទះនឹងហេតុការណ៍រន្ធត់មួយ នោះគឺក្រុមចោរប្លន់ប្រដាប់ដោយកាំភ្លើង បានសម្រុកចូលផ្ទះរបស់ពួកគេ ដើម្បីគំរាមកំហែងទាមទារយកលុយនិងគ្រឿងអលង្កា ខណៈ Smalling បានស្នាក់នៅក្នុងផ្ទះជាមួយភរិយា និងកូនប្រុស កាលពីយប់ថ្ងៃព្រហស្បតិ៍។
ក្រុមចោរមានបីនាក់ប្រដាប់ដោយអាវុធ បានបង្ខំឱ្យ Chris Smalling បើកទ្វារទូដែកសុវត្ថិភាពរបស់គេហើយចោរនោះបានបញ្ជាឲ្យគេយកនាឡិកា ម៉ាក Rolex ព្រមទាំងគ្រឿងអលង្ការជាច្រើនទៀត នេះបើយោងតាមសារព័ត៌មាន Gazzetta Dello Sport ។
Chris Smalling និងភរិយាព្រមទាំងកូនប្រុសសុទ្ធតែកំពុងស្ថិតក្នុងស្ថានភាពតក់ស្លុត ប៉ុន្តែក្រុមអាជ្ញាធរប៉ូលិសនឹងចាប់ផ្ដើមបើកការស៉ើបអង្កេតពេញទំហឹង។
គួរបញ្ជាក់ផងដែរថា Smalling ផ្ទេរពី Manchester United មក Roma កាលពីឆ្នាំមុនបន្ទាប់ពីលេងខ្ចីជើងនៅទីនោះបានមួយរដូវកាល ដោយធ្លាប់បានលើកពាន Premier League ពីរដងជាមួយបិសាចក្រហមក្នុងរយៈពេល១០ឆ្នាំដែលស្នាក់នៅទឹកដី Old Trafford ហើយក្នុងឆ្នាំ២០១៧ គឺគេបានរៀបការជាមួយអ្នកនាង Sam ដោយបង្កើតបានកូនប្រុសឈ្មោះ Leno ៕