Ronaldo ដោះអាវគ្រវែងចោលក្រោយបញ្ចប់ការប្រកួតរវាង Juventus និង Genoa

0

ក្លិបសេះបង្កង់ Juventus បានបើកទ្វារកីឡដ្ឋានស្វាគមន៍ក្លិប Genoa ក្នុងការប្រកួត Serie A ដែលក្នុងនោះ Juventus បានយកឈ្នះ ៣-១កាលពីថ្ងៃអាទិត្យ។

យ៉ាងណាមិញ ក្រោយចប់ការប្រកួត ឃើញថាខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តដោយបានដោះអាវរបស់ខ្លួន គ្រវែងចោល ដោយអាវនោះត្រូវក្មេងប្រុសអ្នករើសបាល់នៅទីនោះប្រញាប់ប្រញាល់រើសយកទុក។

តាមប្រភពមួយបានបង្ហើបឲ្យដឹងថា Ronaldo ខឹងសម្បារដែលខ្លួនឯងមិនអាចស៊ុតបញ្ចូលទីបានក្នុងការប្រកួតនេះ ខណៈដែលមិត្តរួមក្រុម Dejan Kulusevski, Alvaro Morata និង Weston McKennie សុទ្ធតែរកបានម្នាល់១គ្រាប់។

ដោយឡែក ខ្លះជឿថា កីឡាករ CR7 ដោះអាវគ្រវែងចោលដោយសារចង់ឲ្យអាវនោះទៅឲ្យក្មេងអ្នករើសបាល់ មិនមែនមកពីខកចិត្តអ្វីនោះឡើយ។

គួររំលឹកថា Ronaldo បានខឹងដោះគ្រវែងស្លាកដៃប្រធានក្រុម ក្នុងការប្រកួតរវាងជម្រើសជាតិព័រទុយកាល់ ទល់នឹង ស៊ែរប៊ី ផងដែរ បន្ទាប់ពីស៊ុតបញ្ចូលទីហើយ តែអាជ្ញាកណ្ដាលសម្រេចមិនផ្ដល់បាល់នោះឲ្យ ហើយក៏ត្រូវគេយកមកដាក់ដេញថ្លៃបានប្រាក់ជិត១០មុឺនអឺរ៉ូ៕