Barcelona គ្រោងឡៃឡុងវ៉ៃចេញ Coutinho

0

ក្លិបអ្នកមានបុណ្យ Barcelona បានត្រៀមរួចរាល់ ក្នុងការបញ្ចេញខ្សែបម្រើ Philippe Coutinho នៅរដូវក្ដៅខាងមុខ ក្នុងតម្លៃទាបត្រឹម ៣៥លានផោន (ឬប្រមាណ ៤៧លានដុល្លារ)។

Coutinho បានផ្លាស់មកចូលរួមជាមួយ Barca កាលពីឆ្នាំ២០១៨ ក្នុងតម្លៃមហាសាល ១២០លានផោន (ឬប្រហែល ១៦៤លានដុល្លារ) ក្រោយចំណាយពេល៦ឆ្នាំនៅទឹកដី Anfield ។

យ៉ាងណាមិញ Coutinho ហាក់មិនលេចធ្លោនោះទេ ពេលមករួមរស់ជាមួយ Barca ពោលក្រោយចំណាយពេលបានត្រឹម១រដូវកាលដំបូងនៅក្របខណ្ឌ La Liga ខ្សែបម្រើប្រយុទ្ធរូបនេះ ក៏ត្រូវបានក្លិបយក្សតំបន់កាតាឡាន់ បញ្ជូនឲ្យក្លិប Bayern Munich ខ្ចីជើង ចន្លោះពីខែសីហា ២០១៩ ដល់ ខែសីហា ២០២០។

ជាមួយគ្នានេះ បើតាមការបញ្ជាក់របស់កាសែត Daily Star ក្លិប Barcelona សុខចិត្តខាតដើមចំនួន ៩០លានផោន ដោយដាក់លក់ Coutinho ក្នុងតម្លៃត្រឹម ៣៥លានផោនប៉ុណ្ណោះ ដើម្បីគេចផុតពីការបង់ប្រាក់ចំនួន ១៧លានផោនឲ្យទៅ Liverpool ដែលជាលក្ខខណ្ឌព្រមព្រៀងរវាងក្លិបទាំងពីរ ប្រសិនបើខ្សែបម្រើវ័យ ២៨ឆ្នាំ រូបនេះបង្ហាញខ្លួនគ្រប់១០០ប្រកួត ខណៈមកទល់ពេលនេះ Coutinho ចូលលេងឲ្យ Barca បាន ៩០ប្រកួតហើយ៕