ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានស្នើឲ្យ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស បន្តអនុវត្តអនាម័យ ដើម្បីធានាសុវត្ថិភាព ជាពិសេសប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខណៈសាលារៀនមួយចំនួនបើក ដំណើរការឡើងវិញនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីបិទអស់រយៈពេល ៦ខែកន្លង។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ លោក ហង់ជួន ណារ៉ុន បានថ្លែងថា «ក្នុងឱកាសបើកដំណើរសាលារៀនឡើងវិញ សូមគណៈគ្រប់គ្រង និងអ្នកគ្រូទាំង អស់ បន្តអប់រំសិស្សានុសិស្ស ឲ្យបន្តអនុវត្តអនាម័យ ដើម្បីធានាសុវត្ថិភាព ដល់សិស្សនិងចូលរួមប្រយុទ្ធ ប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩»។
សូមជម្រាបថា យោងតាមសេចក្ដីណែនាំរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចែងថា សាលារៀន ត្រូវរៀបចំបរិស្ថានសិក្សា ប្រកបដោយសុវត្ថិភាព បរិយាបន្ន ផាសុកភាព និងមេត្រីភាព កៅអីអង្គុយសម្រាប់សិស្សានុសិស្ស ត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់ ២ម៉ែត្រ និងរៀបចំចំណុះថ្នាក់ ដោយកំណត់សិស្សមិនឲ្យលើសពី១៥ ទៅ២០នាក់ក្នុងមួយថ្នាក់ កាត់បន្ថយការប្រមូលផ្ដុំជាដើម។
ជាងនេះទៅទៀត គ្រឹះស្ថានសិក្សាមួយចំនួន នឹងបើកដំណើរការឡើងវិញ ដំណាក់កាលទី២ នៅថ្ងៃទី៧ កញ្ញា ។ ដោយឡែកឆ្នាំសិក្សា ២០២០-២០២១ នឹងត្រូវអនុវត្ត ចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ តទៅ៕