ក្រសួងការងារ កំណត់ឲ្យក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា បញ្ចប់ការពិភាក្សា ប្រាក់ឈ្នួល មុនបុណ្យភ្ជុំបិណ្ឌ (Video)

0

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំ ស្ដីពីការកំណត់ប្រាក់ឈ្នួល អប្បរមា ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជេីង សម្រាប់ឆ្នាំ២០២១ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: និងជាប្រធាន ក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា បានកំណត់ឲ្យក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា រួមគ្នាបញ្ចប់ កិច្ចពិភាក្សាប្រាក់ឈ្នួល ត្រឹមថ្ងៃទី៩-១០ ខែកញ្ញា មុនបុណ្យភ្ជុំបិណ្ឌ ខាងមុខ។

ការជំរុញនេះធ្វេីឡេីងក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (ក.ជ.ប.អ.) អាណត្តិទី១ ឆ្នាំទី២ ស្ដីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជេីង សម្រាប់ឆ្នាំ២០២១ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

នាឱកាសនោះ លោក អ៉ិត សំហេង បានមានប្រសាសន៍ថា ការពិភាក្សាកំណត់ប្រាក់ឈ្នួល អប្បបរមា នៅប្រទេសកម្ពុជា ត្រូវបានចាប់ផ្តើមអនុវត្តលើកដំបូងក្នុងឆ្នាំ២០០០ ហើយត្រូវបានធ្វើការកែលម្អ ជាបន្តបន្ទាប់ តាមរយៈយន្តការត្រីភាគី។

ជាក់ស្តែង រាជរដ្ឋាភិបាល បានរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីប្រាក់ឈ្នួលអប្បបរមា ក្នុងឆ្នាំ២០១៦ និងទទួល បាន ការអនុម័ត និងប្រកាសឱ្យ ប្រើកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ដោយបានបញ្ចូល នូវគោលការណ៍ ទាំង៥, លក្ខណវិនិច្ឆ័យផ្នែកសង្គម (ស្ថានភាពគ្រួសារ អត្រាអតិផរណា និងចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យផ្នែកសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) ព្រមទាំងកាលវិភាគនៃការចរចាប្រាក់ឈ្នួលអប្បបរមា ដែលជាលទ្ធផល នៃសិក្ខាសាលា ត្រីភាគី ថ្នាក់ជាតិ កាលពីថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០១៤។

អគ្គលេខាធិដ្ឋាននៃ ក.ជ.ប.អ. ក៏ត្រូវរៀបចំដាក់ឱ្យដំណើរការ ដោយអនុក្រឹត្យ លេខ២៨ អនក្រ.បក ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ផងដែរ។ តាមរយៈការអនុវត្តតាមយន្តការនេះ ការចរចាប្រាក់ឈ្នួលអប្បបរមា ត្រូវបាន ធ្វើឡើង ជារៀងរាល់ឆ្នាំ ដោយដំណើរការទៅយ៉ាងរលូន នឹងដែលអាចទទួលយក បានដោយគ្រប់ភាគី ដើម្បីជៀស បាននូវការតវ៉ាតាមផ្លូវសាធារណៈ នេះគឺជាការបង្ហាញឱ្យឃើញនូវភាពចាស់ទុំ និងយន្តការ កាន់តែរឹងម៉ាំ ក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា នៅប្រទេសកម្ពុជា។

ជាក់ស្តែងកាលពីថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ក.ជ.ប.អ បានរៀបចំកិច្ចប្រជុំអាណត្តិទី១ លើកទី១ ដោយពិភាក្សាលម្អិតអំពី បម្រែបម្រួលលក្ខណវិនិច្ឆ័យទាំង ៧ ចំនួន ២០លើក ដើម្បីធ្វើការកំណត់ ប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២០។

ជាលទ្ធផល ប្រាក់ឈ្នួលអប្បបរមានៅក្នុងវិស័យ នេះ ត្រូវបានកែសម្រួលពី ១៨២ ដុល្លារអាមេរិកក្នុងមួយខែ សម្រាប់ឆ្នាំ២០១៩ រហូតដល់ ១៩០ ដុល្លារអាមេរិកក្នុង មួយខែសម្រាប់ឆ្នាំ២០២០នេះ ស្មើនឹង ៤.៤%។ ប្រសិនបើបូក នឹងប្រាក់អត្ថប្រយោជន៍ បន្ថែម កម្មករនិយោជិតម្នាក់អាចទទួល បានប្រាក់ឈ្នួល ចន្លោះពី ២០៧ ទៅ ២១៨ ដុល្លារអាមេរិកក្នុងមួយខែនៅក្នុងឆ្នាំ២០២០។

លោករដ្ឋមន្ត្រី បានបន្តថា សម្រាប់ឆ្នាំ២០២០ ដំណេីរការពិភាក្សាប្រាក់ឈ្នួលអប្បបរមា ប្រព្រឹត្តទៅតាម កាលបរិច្ឆេទធម្មតា ប៉ុន្តែដោយសារនៅខែមីនា ឆ្នាំ២០២០ មានការផ្ទុះឡើងនូវជំងឺកូវីដ១៩ ក្នុងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដែលជាទីផ្សារ នាំចេញផលិតផល ចម្បងរបស់ប្រទេសកម្ពុជា ហើយប្រទេសទាំងនោះ បានប្រកាសដាក់ប្រទេស ក្នុងភាពអាសន្ន ដែលជាហេតុធ្វើឱ្យការនាំចេញ ផលិតផលកាត់ដេរ និងស្បែកជើង របស់ប្រទេសកម្ពុជា មានការធ្លាក់ចុះ។

យ៉ាងណាក៏ដោយ លោក អ៉ិត សំហេង បានកំណត់ឲ្យក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា រួមគ្នាបញ្ចប់កិច្ចពិភាក្សាប្រាក់ឈ្នួលមុនបុណ្យភ្ជុំបិណ្ឌ ខាងមុខ ដេីម្បីឲ្យកម្មករនិយោជិត ក៏ដូចជាភាគីដែលមានសមាសភាពក្នុងក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា មានភាពស្ងប់ចិត្តក្នុងការឈប់សម្រាកនាឱកាសខាងមុខនោះ។

អង្គប្រជុំបានឯកភាពគ្នា កំណត់យកថ្ងៃទី៩-១០ ខែកញ្ញា ជាពេលវេលាប្រជុំ បញ្ចប់ចុងក្រោយ សម្រាប់កិច្ចពិភាក្សា ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជេីង ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ដំឡើងប្រាក់ឈ្នួល ដល់កម្មករ និយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងរៀងរាល់ឆ្នាំ ពោលគឺ ចាប់ពីឆ្នាំ១៩៩៧ ប្រាក់ឈ្នួលអប្បបរមា របស់កម្មករនិយោជិត មានចំនួនតែ ៤០ ដុល្លារអាមេរិក ប៉ុណ្ណោះក្នុងមួយខែ រហូតដល់ឆ្នាំ២០២០នេះ ប្រាក់ឈ្នួលអប្បបរមាកម្មករ និយោជិតនៅកម្ពុជាមានចំនួន ១៩០ ដុល្លារអាមេរិកក្នុងមួយខែ៕