មន្រ្តីយោធាបាញ់បោះសេរី បង្កការភ្ញាក់ផ្អើលនៅខណ្ឌទួលគោក ត្រូវអាវុធហត្ថចាប់ខ្លួនបានហើយ (Video)

0

ភ្នំពេញ៖ ខ្មាន់កាំភ្លើងជាមន្រ្តីយោធា ដែលបានបាញ់បោះចំនួន ៤គ្រាប់ នៅខណ្ឌទួលគោក ត្រូវកម្លាំងកងរាជអាវុធហត្ថ ស្រាវជ្រាវចាប់ខ្លួនបានហើយ នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ និងបានបញ្ជូនទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

ហេតុការណ៍ផ្ទុះអាវុធនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅទាបភ្លឺ ឈានចូលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នៅមុខហាងយីហោ «ស៉ីកនេតឈ័រ» តាមបណ្ដោយផ្លូវ២៨៧ កែងផ្លូវលេខ៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ខ្មាន់កាំភ្លើងត្រូវអាវុធហត្ថចាប់ខ្លួន បាននៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ មានឈ្មោះ វណ្ណៈ ជាមន្ដ្រីយោធា នៅក្រសួងការពារជាតិ។ ក្នុងនោះសមត្ថកិច្ចដកហូតបាន អាវុធខ្លីមួយដើម ម៉ាក Glock និងរថយន្ដមួយរបស់ជនសង្ស័យផងដែរ។

បើតាមប្រភពព័ត៌មានពី កន្លែងកើតហេតុបានបញ្ជាក់ថា មុនពេលកើតហេតុជនសង្ស័យ បានទៅចូលផឹកស៊ី នៅហាងលើតែមិនដឹងមានរឿងអ្វីនោះទេ ស្រាប់តែដកកាំភ្លើងពីចង្កះ ហើយអាមេបញ្ចូលគ្រាប់រួចដាក់លើតុ។ ឃើញបែបនេះ មេការហាងបានដើរទៅសួរនាំ និងសុំទោសខ្មាន់កាំភ្លើង ដើម្បីឲ្យយកកាំភ្លើងទុកវិញ ព្រោះការធ្វើបែបនេះធ្វើឲ្យ ភ្ញៀវដទៃមានការភ័យខ្លាច។ ក្រោយមកខ្មាន់កាំភ្លើងបានគិតលុយ រួចចាកចេញពីហាង បានមួយសន្ទុះស្រាប់តែ ជិះម៉ូតូត្រឡប់មកវិញ និងបានដកកាំភ្លើងបាញ់ ទៅលើផ្ទាំងយីហោ នៅខាងមុខហាង ចំនួន៤គ្រាប់តែម្ដង ទើបជិះគេចខ្លួនបាត់តែម្ដង ៕