កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ មហាសន្និបាតសមុទ្រអាស៊ីបូព៌ា​ និងវេទិកាថ្នាក់រដ្ឋមន្ត្រីលើកទី៧ នៃភាពជាដៃគូក្នុងការគ្រប់គ្រង បរិស្ថានសមុទ្រអាស៊ីបូព៌ា (Video)

0

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញប្រកាស បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «លទ្ធផលនៃការអនុវត្តផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅសមុទ្រអាស៊ីបូព៌ា (SDS-SEA)នៅកម្ពុជា» នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតដ៏ខ្ពង់ខ្ពស់ទទួល ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំមហា សន្និបាតសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១ និងវេទិកាថ្នាក់រដ្ឋមន្ត្រីលើកទី៧ នៃភាពជាដៃគូក្នុងការគ្រប់គ្រង បរិស្ថានសមុទ្រអាស៊ីបូព៌ា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ដោយកំណត់យកខេត្តព្រះសីហនុ ជាទីតាំងប្រារព្ធពិធី ហើយសម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកព្រឹត្តិការណ៍នេះផងដែរ។

ជាមួយគ្នានេះ លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា វេទិការៀបចំឡើងនៅថ្ងៃនេះ គឺស្ថិតនៅក្រោមគម្រោងស្តីពី ការអនុវត្តផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ប្រកបដោយចីរភាព នៅសមុទ្រអាស៊ីបូព៌ា ដែលមានរយៈពេល៥ឆ្នាំ ហើយត្រូវបានអនុវត្តន៍ តាំងពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០១៩ ដោយទទួលបានការគាំទ្រថវិកា ពីមូលនិធិបរិស្ថានពិភពលោក (Global Environment Facility-GEF) និងសម្របសម្រួលបច្ចេកទេសដោយអង្គការ PEMSEA។ ដោយសារបញ្ហានៃការ អនុវត្តត្រូវបានពន្យារពេល ក៏ដូចជាបញ្ហាជំងឺកូវីដ-១៩ គម្រោងនេះ ត្រូវបានពន្យារពេលរយៈពេល១ឆ្នាំ រហូតដល់ឆ្នាំ២០២០។

គម្រោងនេះ ត្រូវបានអនុវត្តន៍រួមគ្នា រវាងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ខេត្តជាប់នឹងតំបន់ឆ្នេរ និងសមុទ្រចំនួន៤ គឺខេត្តកំពត ខេត្តកែប ខេត្តកោះកុង និងខេត្តព្រះសីហនុ ដោយផ្តោតលើទិដ្ឋភាព គោលនយោបាយ និងយន្តការស្ថាប័ន ក្នុងការឆ្លើយតបនឹងការ ប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការការពារជម្រក និងការស្តាជលផល និងការកាត់បន្ថយហាការបំពុលបរិស្ថាន និងការគ្រប់គ្រងសំណល់ទីក្រុង និងសំណល់សមុទ្រ។

សូមបញ្ជាក់ថា គម្រោងស្តីពីការអនុវត្តផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកប ដោយចីរភាពនៅសមុទ្រអាស៊ីបូព៌ា សម្រេចបានលទ្ធផលគួរ ឲ្យកត់សម្គាល់រួមមាន៖

១)ការបោះពុម្ពផ្សាយនូវ របាយការណ៍ជាតិស្តីពី ស្ថានភាពតំបន់ឆ្នេរ និងមហាសមុទ្រ នៃប្រទេសកម្ពុជា (National State of Ocean and Coast-NSOC) ដែលជារបាយការណ៍ដំបូង ដែលវិភាគលើស្ថានភាព និងការគំរាមកំហែងធនធាន និងបរិស្ថានសមុទ្រ និងការផ្តួចផ្តើមឆ្ពោះទៅរកការ អភិវឌ្ឍសេដ្ឋកិច្ចពណ៌ខៀវ (Blue Economy)។ របាយការណ៍នេះ នឹងជាផ្នែកមួយនៃរបាយការណ៍ ស្ថានភាពបរិស្ថានជាតិលើកទី៤ ដែលសេចក្តីព្រាងរបាយការណ៍នេះ ត្រូវបានដាក់ក្នុងសិក្ខាសាលា ពិនិត្យពិគ្រោះយោបល់ជាមួយ ភាគីពាក់ព័ន្ធកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដោយក្រសួងបរិស្ថាន។

២)ការបញ្ចប់ និងបោះពុម្ពផ្សាយសៀវភៅ «ស» ដែលផ្តល់ការត្រួតពិនិត្យ និងអនុសាសន៍សម្រាប់ការ ធ្វើឲ្យមានគោលនយោបាយ សុខដុមនីយកម្ម និងច្បាប់ជាតិ និងការពង្រឹងយន្តការ ស្ថាប័នសម្រាប់ការអភិវឌ្ឍ និងគ្រប់គ្រងបរិស្ថានតំបន់ឆ្នេរ និងសមុទ្រកម្ពុជា។

៣)ការបញ្ចប់ និងបោះពុម្ពផ្សាយនូវផែនការជាតិ ដោះស្រាយបញ្ហាប្រេងកំពប់ និងគោលការណ៍ណែនាំជាតិ ស្តីពីការប្រើប្រាស់សារធាតុគីមី បំបែកធាតុប្រេងកំពប់ ដែលជាផ្នែកមួយនៃ ការអនុវត្តក្របខ័ណ្ឌរួម សម្រាប់ការសម្របសម្រួល និងការឆ្លើយតបប្រេង កំពប់នៅឈូងសមុទ្រថៃ។

៤)ទទួលបាននូវវគ្គបណ្តុះបណ្តាល ធនធានមនុស្សដល់មន្ត្រីថ្នាក់ជាតិ និងខេត្តទាំង៤ នៅក្នុងប្រទេស និងក្រៅប្រទេសលើកិច្ចការ គ្រប់គ្រងបរិស្ថានតំបន់ឆ្នេរ និងសមុទ្រ ព្រមទាំងពង្រឹងសមត្ថភាព ដល់មន្ត្រីមន្ទីរពិសោធន៍ ដើម្បីចូលរួមតាមដាន គ្រប់គ្រងគុណភាពទឹក និងការបំពុលសមុទ្រ ៕