ភ្នំពេញ៖ វិស័យទេសចរណ៍កម្ពុជា កាន់តែមានសង្ឃឹមមួយ កម្រិតទៀត ខណៈការិយាល័យ សហប្រតិបត្តិការ ស្វីស បានពាំនាំ ដំណឹងមកជម្រាប ប្រាប់ក្រសួង ទេសចរណ៍ ឱ្យដឹងថា រដ្ឋាភិបាលស្វីស នឹងបន្តជួយគាំទ្រ លើគម្រោងអភិវឌ្ឍន៍ជំនាញ វិជ្ជាជីវៈ ទេសចរណ៍ ដល់ប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅខេត្តភាគខាងជើង និងភាគឦសាន រយៈពេល ៤ឆ្នាំទៀត ។នេះបើយោងតាមក្រសួងទេសចរណ៍។
ការឱ្យដឹងនេះ ត្រូវបានធ្វើឡើង ក្នុងជំនួបពិភាក្សាការងារ រវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក ម៉ាខឺស ប័រលី (Markus Buerli) នាយកការិយាល័យសហប្រតិបត្តិការស្វីស នៃស្ថានអគ្គកុលស៊ុល ស្វីស ប្រចាំកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០។
លោក ម៉ាខឺស ប័រលី បានឱ្យដឹងថា ចាប់ពីឆ្នាំ២០២២-២០២៥ ខាងមុខ រដ្ឋាភិបាលប្រទេសស្វីស នឹងដាក់ចុះគម្រោងអភិវឌ្ឍន៍ធំថ្មីមួយទៀត ដែលនឹងអនុវត្ត តាមប្រទេសមួយចំនួន ក្នុងតំបន់អាស៊ាន ក្នុងនោះក៏មានប្រទេសកម្ពុជា ផងដែរ។ គម្រោងនេះ នឹងត្រូវអនុវត្តលើវិស័យ ជាច្រើន ដូចជា វិស័យទេសចរណ៍ វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាដើម។
ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ថ្មី ២០២២-២០២៥ នេះទៀតសោត ស្វីសនឹងបន្តជួយអភិវឌ្ឍន៍ ជំនាញវិជ្ជាជីវៈទេសចរណ៍ ដល់ប្រជាពលរដ្ឋកម្ពុជា នៅតាមខេត្តភាគខាងជើង និងភាគឦសាន ដូចជា ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី និងខេត្តមណ្ឌលគិរី។
លោក មាខឺស ពិតជាចាប់អារម្មណ៍ នឹងប្រទេសកម្ពុជាយ៉ាងខ្លាំង ដែលកម្ពុជាសម្បូរទៅដោយ សម្បត្តិធនធានធម្មជាតិ សក្ដានុពលទេសចរណ៍ ពិសេសគឺតំបន់អេកូទេសចរណ៍ ដែលមាននៅតាមខេត្តភាគខាងជើង និងភូមិភាគឦសាន ជាហេតុធ្វើឱ្យ លោកកាន់តែស្រលាញ់ ចូលចិត្ត និងចង់ចូលរួមអភិរក្សការពារ។
យ៉ាងណាមិញ ដើម្បីជួយការពារធនធាន ធម្មជាតិទាំងនេះ ឱ្យគង់វង្សបាន គេត្រូវបង្កើនសក្ដានុពល ខាងវិស័យអេកូទេសចរណ៍ ដែលអាចឱ្យប្រជាពលរដ្ឋ មូលដ្ឋានមានចំណូលបានច្រើន ជៀសផុតពីការកាប់ បំផ្លាញព្រៃឈើ បរបាញ់សត្វព្រៃ ដែលនាំទៅដល់ការវិនាស ហិនហោច នូវធនធានធម្មជាតិក្នុងប្រទេស។ ដូច្នេះហើយទើបលោកចង់ជំរុញ ឱ្យមានការបណ្ដុះបណ្ដាល វិជ្ជាជីវៈទេសចរណ៍ ដល់ប្រជាពលរដ្ឋ មូលដ្ឋានទាំងនោះ ដើម្បីឱ្យពួកគេមានជំនាញ ច្បាស់លាស់រឹងមាំ អាចបម្រើសេវាកម្មក្នុងវិស័យទេសចរណ៍បានច្រើន។
គំនិតស្រលាញ់ធនធានធម្មជាតិ នៅកម្ពុជានេះ ទទួលបានការស្វាគមន៍យ៉ាងខ្លាំង ពីសំណាក់លោក ថោង ខុន ខណៈភាគីទាំងពីរ ក៏បានប្ដេជ្ញាថានឹងជំរុញ ការអនុវត្តការងារខាងលើ នេះឱ្យបានខ្លាំងក្លា នាពេលខាងមុខ ពិសេសនៅក្រោយពេលវិបត្តិជំងឺកូវីដ-១៩។
ជាមួយគ្នានេះផងដែរ លោក ថោង ខុន ក៏បានបង្ហាញព័ត៌មានពិសេសមួយ ទៅកាន់លោក ម៉ាខឺស ដែរថា ក្រសួងទេសចរណ៍ បាននិងកំពុងរៀបចំផែនទី ចង្អុលទិស ឆ្នាំ២០២០-២០២៥ ដែលនឹងមានការចែកចេញ ជា៣ដំណាក់កាល រួមមាន៖
+ឆ្នាំ២០២០-២០២១ ជាដំណាក់កាលមុនការងើបឡើងវិញនូវវិស័យទេសចរណ៍ ដែលស្ថិតក្នុងពេលគ្រប់គ្រងវិបត្តិ
+ ឆ្នាំ២០២១-២០២៣ ជាដំណាក់កាលដោះស្រាយផលលំបាកនានាដែលកើតចេញពីវិបត្តិជំងឺកូវីដ ដើម្បីជួយដល់វិស័យទេសចរណ៍
+ឆ្នាំ២០២៣-២០២៥ ជាដំណាក់កាលពង្រឹងវិស័យទេសចរណ៍ឡើងវិញ ដើម្បីវឌ្ឍនភាពទៅថ្ងៃអនាគត។
លោករដ្ឋមន្ត្រីក៏បាន ស្នើឱ្យមានការពង្រឹង កិច្ចសហប្រតិបត្តិការ បន្ថែមទៀត ពិសេសលើផ្នែកទេសចរណ៍ សហគមន៍ ដើម្បីធ្វើយ៉ាងបង្កើន ការបណ្ដុះបណ្ដាល លើផ្នែកគុណភាពសេវាកម្មទេសចរណ៍ ដល់ប្រជាសហគមន៍ និងប្រជាពលរដ្ឋ មូលដ្ឋាន ឱ្យបានកាន់តែច្រើន ហើយឆ្លើយតបទៅនឹង បរិបទថ្មីក្រោយវិបត្តិជំងឺកូវីដ ឬ New Normal Life។
ចំពោះសំណើនេះ លោក ម៉ាខឺស ប័រលី មានការពេញចិត្តយ៉ាងខ្លាំង ក្នុងការទទួលយកទៅពិចារណា។
សូមជម្រាបថា កន្លងមក កម្ពុជា-ស្វីស ធ្លាប់បានសហការគ្នា លើការអភិវឌ្ឍន៍ទេសចរណ៍ តួយ៉ាងមានដូចជា គម្រោងបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈ ទេសចរណ៍ ដល់យុវជនកម្ពុជា ដើម្បីឱ្យពួកគេ មានចំណេះជំនាញ ស្របតាមស្ដង់ដាអាស៊ាន។ ក៏មានដែរនូវការជួយរៀបចំ ស្ដង់ដា ទទួលស្គាល់អ្នក ដែលមានការងារក្នុង វិស័យទេសចរណ៍ តែមិនទាន់មាន វិញ្ញាបនបត្រ ឬសញ្ញាបត្រ ខណៈគម្រោងទាំងនេះ សុទ្ធមាន រយៈពេល៤ឆ្នាំដូចគ្នា។
ជាមួយគ្នានោះ ក៏មានកម្មវិធីបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈទេសចរណ៍ ដល់គ្រួសារដែលងាយរងគ្រោះ ឬគ្រួសារពលរដ្ឋនៅខេត្តសៀមរាប ដែលមានទំនោរចង់ធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ដើម្បីឱ្យពួកគេ មានជំនាញផ្ទាល់ខ្លួន ហើយងាកមកចាប់យក ការងារលើវិស័យទេសចរណ៍ ក្នុងប្រទេស ឬក្នុងមូលដ្ឋានរបស់ខ្លួនវិញ។
សូមរំលឹកថា កាលពីខែសីហា ឆ្នាំ២០២០ កន្លងទៅ ក្រសួងទេសចរណ៍ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយអង្គការ Swiss contact លើការបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈទេសចរណ៍បន្ថែម ដល់អ្នកបម្រើ ការក្នុងវិស័យទេសចរណ៍ នៅខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី និងខេត្តរតនគិរី។ កម្មវិធីបណ្ដុះបណ្ដាលនេះ ក៏ត្រូវមានការឆ្លើយតប ទៅនឹងស្ដង់ដាអាស៊ាន ហើយក៏ឆ្លើយតប ទៅនឹងរបៀបរបប នៃការរស់នៅថ្មី ឬ New Normal Life ក្នុងពេលមានវិបត្តិជំងឺកូវីដ និងក្រោយពេលវិបត្តិនេះផងដែរ។ មិនតែប៉ុណ្ណោះ ស្វីសថែមទាំងបានចូលរួម ជួយកម្ពុជាក្នុងការរៀបចំ ស្ដង់ដាអាស៊ានចំនួន ២ គឺស្ដង់ដាស្ប៉ា-ម៉ាស្សា និងស្ដង់ដា MICE ដែលកម្ពុជាដឹកនាំលើការងារនេះ។ បន្ទាប់ពីរៀបចំស្ដង់ដា អាស៊ានទាំងពីរនេះ បានហើយ ស្វីសក៏កំពុងពិចារណា លើគម្រោងកម្មវិធីជួយបណ្ដុះបណ្ដាល ជំនាញ ស្ប៉ា-ម៉ាស្សា និងជំនាញ MICE នេះដល់ប្រជាពលរដ្ឋកម្ពុជា ផងដែរ៕