អ្នកនាំពាក្យ៖ កម្ពុជា កំពុងធ្វើដំណើរសន្សឹមៗ ឆ្ពោះទៅរក ការអនុវត្ត សកម្មភាពសេដ្ឋកិច្ច-សង្គមជាលក្ខណៈ “ថ្មីធម្មតា” ក្រោយកូវីដ១៩

0

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ពិភពលោក ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា កំពុងតែធ្វើដំណើរសន្សឹមៗ ឆ្ពោះទៅរកការអនុវត្ត សកម្មភាពសេដ្ឋកិច្ច-សង្គមជាលក្ខណៈ “ថ្មីធម្មតា” ក្រោយកូវីដ១៩។

ថ្លែងក្នុងកិច្ចប្រជុំលើកទីមួយ នៃគណៈប្រឹក្សាភិបាលនៃកម្មវិធី “មុខរបរ និងការងារសមរម្យ របស់យុវជននៅកម្ពុជា (DEY) ដំណាក់កាលទី២” សម្រាប់ឆ្នាំ២០២០-២០២៣ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ លោក ហេង សួរ បានមានប្រសាសន៍ថា «វិបត្តិដែលបង្កដោយការរីករាយដាល ជាសកលនៃជំងឺកូវីដ-១៩ បាននឹងកំពុងផ្តល់ផលប៉ះពាល់ ជាអវិជ្ជមានយ៉ាងខ្លាំងទាំងផ្នែក សេដ្ឋកិច្ច និងសង្គម នៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅទូទាំងពិភពលោកផងដែរ។ យើងក៏សង្កេតឃើញថា ពិភពលោក ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា កំពុងតែធ្វើដំណើរសន្សឹមៗ ឆ្ពោះទៅរកការអនុវត្ត សកម្មភាពសេដ្ឋកិច្ច-សង្គមជាលក្ខណៈ “ថ្មីធម្មតា”។ »

ពាកព័ន្ធ នឹងកម្មវិធី “មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី២” អ្នកនាំពាក្យរូវនេះបាន មានប្រសាសន៍សង្កត់ធ្ងន់ថា ៖“យើងនឹងបន្តការខិតខំ ប្រឹងប្រែងបន្ថែមទៀត ដើម្បីឆ្ពោះទៅកាន់ គោលដៅរបស់យើង គឺសម្រេចឱ្យបាន ជាអតិបរិមានូវកម្មវិធី “មុខរបរ និងការងារសមរម្យ របស់យុវជននៅកម្ពុជា ដំណាក់កាលទី២” តាមការរំពឹងទុក ក្នុងនោះជួយកាត់បន្ថយ វិសមភាព ជាពិសេសចំពោះ ក្រុមងាយរងគ្រោះ និងក្រុមដែលបាត់បង់ឱកាស តាមរយៈការផ្តល់នូវការបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាផ្តល់នូវជំនាញសហគ្រិន និងការបង្កើតអាជីវកម្ម ដើម្បីធានាថាពួកគេ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចូលទៅកាន់ទីផ្សារការងារ និងចូលរួមបង្កើតសហគ្រាស/អាជីវកម្មប្រកបដោយចីរភាព”។

លោកបន្តថា ជាក់ស្តែង សកម្មភាពអប់រំ និងបណ្តុះបណ្តាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងតែចាប់ផ្តើមដំណើរការតាមដំណាក់កាល។ ការណ៍នេះ យើងសង្ឃឹមថា វានឹងជួយសម្រួលដល់ការ អនុវត្តសកម្មភាព គម្រោងរបស់យើង ត្រឡប់ទៅរកភាពប្រក្រតីវិញ។ រាជរដ្ឋាភិបាល ដែលរួមមានសាមីក្រសួង ដែលពាក់ព័ន្ធក្នុងកម្មវិធី របស់យើងនេះ ក៏បានចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការឆ្លើយតបជាយុទ្ធសាស្រ្ត និងគោលនយោបាយ ទៅនឹងវិបតិ្តជំងឺកូវីដ-១៩ ក៏ដូចជាការបន្តដំណើរការ កម្មវិធីរួមគ្នារបស់យើងផងដែរ។

ជាមួយគ្នានោះផងដែរ លោកស្រី Pauline Tamesis អ្នកសម្របសម្រួល អង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា ជាសហប្រធានក្នុងកិច្ចប្រជុំនេះ បានលើកឡើងថា៖ “ដោយសារតែជំងឺកូវីដ១៩នេះ បានធ្វើឲ្យប្រជាពលរដ្ឋ បានបាត់បង់ការងារធ្វើជាច្រើន ពិសេសស្ត្រី កំពុងប្រឈមនឹងហានិភ័យ នៃការបាត់បង់ការងារខ្ពស់” ។

លោកស្រីថា៖«វាជាឱកាសសម្រាប់កម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជន នៅកម្ពុជា ដំណាក់កាលទី២ ដែលយើងអាចជំនួសបាននូវបញ្ហាប្រឈមនេះកាន់តែប្រសើរ »។

គួររំលឹកផងដែរថា កម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី២នេះ ត្រូវបានរៀបចំបន្តពីជំហានទី១ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗមួយចំនួន។ក្នុងកម្មវិធីដំណាក់កាលទី២នេះ មានគោលបំណងគាំទ្រយុវជនវ័យក្មេង ទាំងបុរស និងស្រ្តីនៅកម្ពុជា ក្នុងការទទួលបានឱកាសការងារសមរម្យ និងប្រកបដោយផលិតភាពបន្ថែមទៀត ដោយធានាថា ពួកគេអាចបំពេញតាមតម្រូវការទីផ្សារការងារ និងត្រៀមខ្លួនជាស្រេចសម្រាប់ការងារប្រកបដោយគុណភាព៕