ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារអំពាវនាវ សូមឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះអគ្គិភ័យ ដែលអាចបណ្តាល មកពីការធ្វេសប្រហែសដុត ធូប ទៀន ក្នុងឱកាសពិធីសែនក្បាលទឹកនេះ។
តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០នេះ សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានសរសេរយ៉ាងដូច្នេះថា សុខសប្បាយជាទេបងប្អូនជនរួមជាតិ? តាមទំនៀមទម្លាប់ ប្រពៃណីបងប្អូនខ្មែរ-ចិន ថ្ងៃនេះគឺជា ថ្ងៃសែនក្បាលទឹក ។ នៅពេលប្រទេសជាតិយើង មានសុខសន្តិភាពពេញលេញ និងរីកចម្រើនមកទល់សព្វថ្ងៃ គឺបានបង្កលក្ខណៈកាន់តែងាយស្រួល អោយបងប្អូនប្រជាពលរដ្ឋ មានឱកាសប្រារព្ឋពិធីបុណ្យទាន តូច ធំ ទៅតាមជំនឿ និងទំនៀមទម្លាប់ប្រពៃណី សាសនារៀងៗខ្លួន ដោយសេរី ។
សម្ដេចគួសបញ្ជាក់ថា «ទោះជាយ៉ាងណាក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ បំផុតចំពោះអគ្គិភ័យ ដែលអាចបណ្តាលមកពីការធ្វេសប្រហែស ដុតធូប ទៀនក្នុងឱកាស ពិធីសែនក្បាលទឹកនេះ ។ »
សម្ដេចបន្តថា ទន្ទឹមនឹងនេះដែរ សូមបងប្អូនប្រជាពលរដ្ឋមានអនាម័យ ក្នុងការរស់នៅ ហើយមើលថែ ការពារ សុខភាព ជាប់ជានិច្ច កុំអោឆ្លងជម្ងឺកូវីដ-១៩ អោយសោះ ដោយស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹលឬអាល់កុល និងពាក់ម៉ាស ក្នុងពេលចាំបាច់។
ឆ្លៀតក្នុងឱកាសនេះ សម្ដេចតេជោ ក៏បានជូនពរបងប្អូន ជនរួមជាតិជួបតែ សេចក្តីសុខចម្រុងចម្រេីននិងលាភសំណាងគ្រប់ៗគ្នាកុំបីខាន ៕