ភ្នំពេញ៖ រដ្ឋាភិបាលប្រទេសស្វីន តាមរយៈ លោក Buerli Markus នាយកទីភ្នាក់ងារអភិវឌ្ឍន៍ ប្រទេសស្វីសថ្មី បានធ្វើការប្ដេជ្ញាបន្តគាំទ្រ ជួយដោះមីនកម្ពុជាអោយអស់ នៅឆ្នាំ២០២៥ និងបន្តជួយក្រោយ ឆ្នាំ២០២៥ ទៀត។នេះបើយោងតាមអាជ្ញាធរមីនកម្ពុជា។
នៅក្នុងឱកាសចូលជួបពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ លើវិស័យសកម្មភាពមីន នៅកម្ពុជា ជាមួយលោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ លោក Buerli Markus បានបញ្ជាក់ថា «រដ្ឋាភិបាលស្វីស បានអបអរសាទរចំពោះ ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការល្អ គាំទ្រជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីន មនុស្សធម៌នៅកម្ពុជា ហើយនឹងបន្តគាំទ្រ រហូតដល់កម្ពុជាអស់មីន នៅឆ្នាំ២០២៥ និងបន្តជួយក្រោយឆ្នាំ២០២៥ ទៀត ។»
លោកបានវាយតម្លៃខ្ពស់ ចំពោះការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលវិស័យនេះ បានចូលរួមចំណែកយ៉ាងសំខាន់ លើការងារអភិវឌ្ឍស្ទើរគ្រប់វិស័យ របស់ប្រទេសជាតិ ដូចជា កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល អប់រំ យេនឌ័រ កាត់បន្ថយភាពក្រីក្រ ជាដើម។
ជាមួយគ្នានេះ លោក Buerli Markus បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រប្រទេសស្វីស ធ្វើជាប្រធានដឹកនាំ កិច្ចប្រជុំរដ្ឋភាគី នៃអនុសញ្ញាគ្រាប់បែកចង្កោម នៅចុងឆ្នាំ២០២០ ខាងមុខនេះ។
ជាមួយគ្នានេះ លោក លី ធុជ ក៏បានលើកឡើង ពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានដាក់ចេញនូវចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រ យ៉ាងច្បាស់លាស់ ដែលសម្តេចតេជោ ចង់ឃើញ កម្ពុជាបញ្ចប់ការគំរាមកំហែង ដោយសារមីនប្រឆាំងមនុស្ស ដែលបានស្គាល់ អោយអស់ត្រឹមនៅឆ្នាំ២០២៥ និងកាត់បន្ថយគ្រោះថ្នាក់ ដោយសារមីននិងគ្រាប់ ឲ្យនៅកម្រិតអប្បបរមា។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនស្វីស ដែលបានចូលរួម ចំណែកដល់ការអភិវឌ្ឍ នៅកម្ពុជា ក្នុងនោះរួមមានការងារ បោសសម្អាតមីនមនុស្សធម៌ ចាប់តាំងពីឆ្នាំ២០១៣។
ជាមួយនឹងការប្រយុទ្ធប្រឆាំង គ្រាប់បែកចង្កោមនេះ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់សារជាថ្មីម្តងទៀតថា ក្នុងនាមសម្តេចតេជោ ជាអ្នកកសាង និងស្រឡាញ់សន្តិភាព ហើយកម្ពុជា ធ្លាប់រងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយសារ គ្រាប់បែកចង្កោម កម្ពុជានៅរក្សាជំហរដដែល និងនៅតែចូលរួម ជារដ្ឋសង្កេតការណ៍ នៃអនុសញ្ញាគ្រាប់បែកចង្កោម នេះ ព្រមទាំងត្រៀមផ្តល់នូវ កិច្ចសហប្រតិបត្តិការ គ្រប់បែបយ៉ាង ក្នុងនាមប្រទេសស្វីស ធ្វើជាប្រធាននៃកិច្ចប្រជុំ អនុសញ្ញាគ្រាប់បែកចង្កោម ដើម្បីឈានដល់ការ បញ្ចប់នូវសោកនាដកម្ម ដោយសារសំណល់ជាតិផ្ទុះ ពីសង្រ្គាម ជាពិសេសគ្រាប់បែកចង្កោម ។
លោក លី ធុជ បានបន្តទៀតថា កម្ពុជាបានធ្វើគ្រប់បែបយ៉ាងទាំងអស់ ក្នុងការស្រាវជ្រាវ ការរុករក ការកម្ទេចចោល ការអប់រំយល់ដឹងពីគ្រាប់បែកចង្កោម ការធ្វើសកលភាវូបនីកម្មនៃការហាមប្រើប្រាស់ និងការធ្វើសេចក្តីរាយការណ៍ អំពីការងារប្រយុទ្ធប្រឆាំង នឹងគ្រាប់បែកចង្កោម៕