ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃ ចេញព្រះរាជក្រឹត្យ និងសេចក្តីប្រកាសដាក់ឲ្យចូលនិវត្តន៍។
ចំណែកលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនការងារ នគរបាលព្រហ្មទណ្ឌ ត្រូវបានលោកឧត្តមសេនីយ៍ទោ អាត់ ខែម ប្រគល់សិទ្ធិដឹកនាំការងាររួម ចាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០។
យោងតាមលិខិតប្រគល់សិទ្ធិ របស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា ក្នុងឱកាសលោក ត្រូវបានព្រះមហាក្សត្រ និងក្រសួងមហាផ្ទៃចេញព្រះរាជក្រឹត្យ និងសេចក្តីប្រកាសឲ្យចូលនិវត្តន៍ សម្រាកពីការងារ។
លោកសូមប្រគល់សិទ្ធិដឹកនាំការងាររួម ក្នុងស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ជូនលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនការងារ នគរបាលព្រហ្មទណ្ឌ ចាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ រហូតដល់ថ្ងៃប្រកាសជាផ្លូវការ ថ្នាក់ដឹកនាំស្នងការថ្មី ៕